រំជួលចិត្ត! សាស្ត្រាចារ្យភាសាបារាំងចូលនិវត្តន៍ អាយុ ៦៨ ឆ្នាំ បាត់បង់សមាជិកគ្រួសារអស់ រស់នៅខ្វះខាត គ្មានសូម្បីជម្រកល្អ
ជារឿងដ៏គួរឱ្យអាណិតអាសូរ សាស្ត្រាចារ្យភាសាបារាំងចូលនិវត្តន៍មួយរូប ឈ្មោះ ជា វណ្ណាត មានអាយុ ៦៨ ឆ្នាំ រស់នៅម្នាក់ឯងកំពុងជួបការលំបាកខ្លាំង ខ្វះជំរករស់នៅគួរឱ្យអនិច្ចា។
ចំពោះរឿងរ៉ាវសាស្ត្រាចារ្យចូលនិវត្តន៍ដែលមហាជនកំពុងអាណិតអាសូរនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Siv Him បានឱ្យដឹងថា ភរិយារបស់លោក ជា វណ្ណាត ធ្លាប់ជានាយកសាលាអនុវិទ្យាលយ័ស្វាយជ្រុំ បានបាត់បង់ជីវិត និង មានកូន ២ នាក់ទៀត ជាសាស្ត្រាចារ្យភាសាអង់គ្លេស និង ម្នាក់ទៀតជាសាស្ត្រាចារ្យបារាំង ត្រូវបានស្លាប់ដោយជំងឺជាបន្តបន្ទាប់ ធ្វើឱ្យរូបលោកគ្រាំគ្រាចិត្តយ៉ាងខ្លាំង និង អស់សង្ឃឹមក្នុងជីវិត ខណៈសព្វថ្ងៃលោកសុំដីគេរស់នៅក្បែរខ្ទមអ្នកតា ក្រោយសាលាវិទ្យាល័យហ៊ុនសែនរលាប្អៀរ។
ចំពោះរឿងនេះ តាមរយៈប្រភពខាងលើ បានសូមឱ្យសប្បុរសជនឆ្ងាយជិត និង មិត្តភក្តិដែលមានអាជីពគ្រូបង្រៀនដូចគ្នា ដែលមានសន្តានចិត្តធម៌ ជួយចែករំលែកម្នាក់បន្តិចៗជាថវិកា ឬ សម្ភារជួយធ្វើផ្ទះតូចមួយដល់លោកគ្រូ៕