តស់! មកស្គាល់ភាពខុសគ្នារវាងពាក្យ «តស់» និង ពាក្យ «តោះៗ» ដែលកំពុងមានការភាន់ច្រឡំ
នៅក្នុងយុគសម័យកាលថ្មីនេះ ពាក្យថា «តស់» និង ពាក្យ «តោះ» ជាទូទៅប្រជាពលរដ្ឋខ្មែរយើងមួយចំនួន នៅតែមានការភាន់ច្រឡំនៅឡើយ ពីការប្រើប្រាស់ពាក្យទាំងពីរនេះ។ យ៉ាងណាមិញ ចំពោះពាក្យទាំងពីរនេះ គឺមានអត្ថន័យផ្សេងគ្នាដែលយើងគួរដឹង។
បើតាមក្នុងវចនានុក្រមខ្មែរ ឆ្នាំ ២០២២ របស់រាជបណ្ឌិត្យសភាកម្ពុជា ពាក្យ «តស់» [តស់] នេះមានន័យថា ៖ ឧទានសព្ទសម្រាប់ប្រាប់ ឬ បបួលឱ្យធ្វើអ្វីមួយ។ ឧ. តស់យើងចេញដំណើរទៅ!
ដោយឡែក ទាំងក្នុងវចនានុក្រមខ្មែររបស់រាជបណ្ឌិត្យសភាកម្ពុជាដដែលនេះ និង ក្នុងវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត ទំព័រទី ៣៨០ ពាក្យ តោះៗ គឺមានអត្ថន័យមួយផ្សេងទៀត។ ចំពោះអត្ថន័យពាក្យ «តោះៗ» [តោះ-តោះ] គឺជា គុ.កិ. បន្តិចៗ, សន្សឹមៗ, សំរៀមៗ តាមកម្លាំង ឬ តាមភាពដែលទន់ខ្សោយ : រកស៊ីតោះៗសោះតែខាន, សព្វថ្ងៃខ្ញុំចេះតែខំត្រដេត្រដររកនេះរកនោះផ្សែផ្សំតោះៗ អ៊ីចឹងទៅ ទម្រាំតែដល់ពេលស្លាប់។ (ម.ព. តតេះតតោះ និង តេះតោះ)៕