ចិនប្រកាសផ្ដល់ច្បាប់ ៣០ ថ្ងៃ ឱ្យគូស្នេហ៍ទើបរៀបការ ដើម្បីមានពេលបង្កើនអត្រាកំណើតក្នុងប្រទេស
បណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសចិន បានផ្ដល់ច្បាប់ឈប់សម្រាកចំនួន ៣០ ថ្ងៃ ដល់គូស្នេហ៍រៀបការថ្មីថ្មោង ដើម្បីជំរុញឱ្យពលរដ្ឋក្មេងៗរៀបការសាងគ្រួសារ និង ក្នុងបំណងបង្កើនអត្រាកំណើតក្នុងប្រទេសផង។
កាលដើមឡើយ ចំនួនច្បាប់ក្រោយរៀបការនៅចិនគឺមានចំនួន ៣ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែចាប់ពីខែកុម្ភៈនេះតទៅ បណ្ដាខេត្តក្នុងប្រទេសចិនអាចកំណត់ច្បាប់ការងារដោយខ្លួនឯងបានសម្រាប់បុគ្គលិកដែលទើបតែរៀបការថ្មីថ្មោង។
ជាក់ស្ដែងដូចជានៅខេត្ត Gansu និង Shanxi ឥឡូវនេះ បានអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនដាក់ច្បាប់បានរហូតដល់ ៣០ ថ្ងៃក្រោយរៀបការ ខណៈក្រុង Shanghai ផ្ដល់ច្បាប់ចំនួន ១០ ថ្ងៃ និង ខេត្ត Sichuan នៅរក្សាច្បាប់ដើមចំនួន ៣ ថ្ងៃ។
គួរបញ្ជាក់ផងដែរថា ចំនួនប្រជាជនសរុបក្នុងប្រទេសចិន បានធ្លាក់ចុះខ្លាំងតាំងពីឆ្នាំមុន ដោយតាមអង្កេតបានលើកឡើងថា ការធ្លាក់ចុះនេះអាចជាការចាប់ផ្ដើមនៃការថយចុះចំនួនប្រជាជនក្នុងរយៈពេលវែងនៅប្រទេសនេះ៕