គ្រូហាត់ប្រាណអាយុ ២២ ឆ្នាំ លង់ស្រឡាញ់សិស្សខ្លួនឯងអាយុ ៤១ ឆ្នាំ ដឹកដៃចូលរោងការយ៉ាងផ្អែមល្ហែម
រឿងស្នេហាខុសវ័យកូនកំលោះជនជាតិចិនវ័យ ២២ ឆ្នាំ ជាមួយកូនក្រមុំ ៤១ ឆ្នាំ ហាក់កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយគូស្នេហ៍ចិត្ត និង ចិត្ត មិនគិតលើអាយុនេះ កំពុងតែរៀបគម្រោងយកកូនជាមួយគ្នាថែមទៀតផង បន្ទាប់ពីរៀបការរួច។
បុរសដែលត្រូវបានគេស្គាល់ឈ្មោះថា Chen Guang បានរៀបរាប់ថា ៖ «ខ្ញុំបានស្គាល់គូស្នេហ៍ខ្ញុំ ឈ្មោះថា Nan Jia នៅកន្លែងហាត់ប្រាណ ដោយខ្ញុំគឺជាគ្រូបង្វឹកហាត់ប្រាណរបស់នាង។ ភាពស្និទ្ធស្នាលរវាងគ្រូបង្វឹក និង សិស្ស បានរុញច្រានឱ្យអ្នកទាំងពីរធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយក៏យល់ព្រមរៀបការជាមួយគ្នា»។
ស្នេហារបស់អ្នកទាំងពីរមិនរលូនដូចការគិតទុកទេ ដោយពេលដឹងថា អ្នកទាំងពីរទាក់ទងគ្នា ឪពុកម្ដាយរបស់ Chen Guang បានបដិសេធមិនទទួលយកចំណងស្នេហ៍នេះ។ តែ Chen Guang មិនចុះចាញ់នោះឡើយ លោកបានប្រឆាំងដល់ទីបំផុត ដោយថែមទាំងសន្យានឹង Nan Jia ថា លោកនឹងរៀបការជាមួយនាង មិនខ្វល់ពីអ្វីទាំងអស់។
Cheng Guang បានបន្ថែមថា៖ «ខ្ញុំស្រឡាញ់នាង មិនគិតពីអាយុនោះទេ ហើយខ្ញុំគិតថាគ្មានអ្វីត្រូវខ្មាសគេនោះដែរ បើគ្រាន់តែអាយុពួកយើងខុសគ្នា ដរាបណាចិត្តយើងស្រឡាញ់គ្នានោះ ព្រោះពិភពលោកនេះគឺធំទូលាយណាស់។ លើសពីនេះ ពួកយើងគ្រោងនឹងយកកូនប្រុសម្នាក់ឆាប់ៗផងដែរ ព្រោះតែខ្ញុំចង់សាងគ្រួសារជាមួយនាងពិត មិនមែនកុហក»៕