សូមអញ្ជើញប្ដូរយកអត្តសញ្ញាណប័ណ្ណថ្មី នៅទីតាំងទាំងនេះ សម្រាប់អ្នកអស់សុពលភាព និង សល់តិចជាង ៩០ ថ្ងៃ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ អស់សុពលភាព ឬ សុពលភាពនៅសល់តិចជាង ឬ ត្រឹម៩០ ថ្ងៃ សូមអញ្ជើញទៅបំពេញបែបបទសុំប្ដូរយក អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរថ្មី (ទុតិយតា) នៅតាមបណ្តាទីតាំងណាមួយដូចខាងក្រោម ៖
១. នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ ច្រកចេញចូល តែមួយក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។
២. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ)។
៣. ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល ២ (Aeon Mall II) សែនសុខ។
ខាងអគ្គនាយកដ្ឋានបានបញ្ជាក់ឱ្យដឹងថា ការធ្វើបែបនេះគឺដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសសិទ្ធិនយោបាយក្នុងការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណ សម្រាប់កាន់ទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ក្នុងខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
ចំពោះការធ្វើទុតិយតានេះទៀតសោត ខាងអគ្គនាយកដ្ឋានបានបញ្ជាក់សូមភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬ សុពលភាពនៅសល់តិចជាង ឬ ត្រឹម ៩០ ថ្ងៃ (និងឯកសារសំអាងផ្សេងៗ ក្នុងករណីមានការកែតម្រូវទិន្នន័យ)។ ក្នុងនោះរាជរដ្ឋាភិបាលពុំតម្រូវឱ្យមានការបង់ប្រាក់អ្វីឡើយ ក្នុងការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា)។ បើមានចម្ងល់ ឬ សំណួរផ្សេងៗ សូមទាក់ទង ទៅកាន់លេខ៖ ១២៧១ / ០១៧ ៨៩៨ ៩១៥៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖