Elon Musk បោះពាក្យមួយម៉ាត់យ៉ាងខ្លី ក្រោយឃើញក្រុមហ៊ុន Meta ប្រកាសលក់សេវាកម្ម Verified
នាពេលថ្មីៗនេះ លោក Elon Musk បានឆ្លើយតបទៅកាន់ Mark Zuckerberg ក្រោយពីលោក Mark បានប្រកាសពីផែនការគិតប្រាក់លើអ្នកប្រើប្រាស់ Facebook និង Instagram សម្រាប់គណនី ដែលចង់បាន Verified ។
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសពីគម្រោង Meta Verified នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកផ្ទាល់ថា ៖ «ការធ្វើតេស្តនឹងចាប់ផ្តើមនៅក្នុងប្រទេស ណូវែលសេឡង់ និង អូស្ត្រាលី នៅក្នុងសប្តាហ៍នេះ ហើយនឹងដាក់ឱ្យដំណើរការនៅប្រទេសផ្សេងទៀតក្នុងពេលឆាប់ៗនេះ ដែលមានតម្លៃ ១១.៩៩ ដុល្លារក្នុងមួយខែនៅលើគេហទំព័រ ឬ ១៤.៩៩ ដុល្លារក្នុងមួយខែនៅលើប្រព័ន្ធ Apple និង Android ដោយគ្រាន់តែប្រើប្រាស់អត្តសញ្ញាណ ដែលផ្ដល់ដោយរដ្ឋាភិបាល ដើម្បីផ្ទៀងផ្ទាត់គណនីអ្នកប្រើប្រាស់ ហើយទើបផ្តល់ឱ្យវានូវផ្លាកសញ្ញាធីក ពណ៌ខៀវ Verified»។
គួរបញ្ជាក់ដែរថា ពីមុនសញ្ញាពណ៌ខៀវ នេះគឺ មិនគិតលុយទេ ហើយវាមានផ្ដល់ឱ្យតែបុគ្គលសាធារណៈ ឬអាជីវកម្មសំខាន់ៗផ្សេងៗ តែប៉ុណ្ណោះ។ ហើយទាក់ទងនឹងរឿងនេះ មនុស្សជាច្រើនក៏បានគិតថាលោក Mark បានធ្វើតាមក្រុមហ៊ុន Twitter របស់លោក Elon Musk ដែលបានគិតលុយដូចគ្នានេះ កាលពីឆ្នាំ ២០២២ ក្នុងតម្លៃ ៨ ដុល្លារក្នុងមួយខែសម្រាប់ Twitter Blue ពីគណនីណាចង់បានសញ្ញា Verified ។
ដោយឡែក ក្រោយពីបានប្រកាសអំពី Meta Verified ស្រាប់តែលោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Twitter បាន Tweet នៅលើគណនីផ្ទាល់របស់លោកថា «ចៀសមិនផុត» ទៅលើសារបង្ហោះរបស់លោក Mark Zuckerberg ដែលត្រូវបានគេបង្ហោះនៅក្នុង Twitter ។
គួររំឭកដែរថា នៅពីដើមខែកុម្ភៈនេះ ក្រុមហ៊ុន Meta បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលក្នុងត្រីមាសទី ៣ ជាប់ៗគ្នា ទោះបីជាមានការកើនឡើងនៃអ្នកប្រើប្រាស់ក៏ដោយ ហើយលើសពីនោះក្រុមហ៊ុនក៏បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ១១ ០០០ នាក់ ឬ ១៣ ភាគរយនៃបុគ្គលិកសរុបរបស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ខណៈដែលថ្មីៗនេះភាគហ៊ុនរបស់ក្រុមហ៊ុនបានកើតឡើងវិញ៕
ប្រភព ៖ UNILAD