អ្នកបើកតាក់ស៊ីវៀតណាមម្នាក់ ត្រូវពិន័យជិត ៥០០ ដុល្លារ ក្រោយបន្លំកោរលុយភ្ញៀវទេសចរ
ថ្មីៗនេះ រឿងរ៉ាវអ្នកបើកតាក់ស៊ីគិតលុយលើសពីភ្ញៀវទេសចរ ត្រូវបានមន្ត្រី និង អាជ្ញាធរវៀតណាមយកចិត្តទុកដាក់ជាខ្លាំង ព្រោះតែទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍វៀតណាមដែលទើបងើបឡើងវិញ ក្រោយរងវិបត្តិកូវីដ-១៩ ជិត ៣ ឆ្នាំ ហើយវាបានជះឥទ្ធិពលអាក្រក់ដល់ភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្តនៅវៀតណាម។
ដើមហេតុផ្ដើមចេញពីភ្ញៀវទេសចរកូរ៉េឈ្មោះថា Heo Hyeyun ដោយបានធ្វើការរាយការណ៍រិះគន់ខ្លាំងៗទៅកាន់មន្ទីរទេសចរប្រចាំខេត្ត Da Nang ក្រោយខ្លួនត្រូវអ្នករត់តាក់ស៊ីឈ្មោះថា Truong Hai គិតលុយលើសចំនួន ៩២.៥៥ ដុល្លារ ក្នុងការជិះ ៤-៥ គីឡូ ពីតំបន់ Bach Dang ទៅកាន់ Ly Tu Trong ដែលនេះជាតម្លៃលើសគុណនឹង ១០ នៃតម្លៃតាក់ស៊ីធម្មតា។
ក្រោយទទួលបានការរិះគន់មិនល្អពីភ្ញៀវទេសចរ មន្ត្រីទេសចរប្រចាំការនៅខេត្ត Da Nang បានធ្វើសកម្មភាពភ្លាមៗ ដោយបានហៅបុរសអ្នកបើកតាក់ស៊ីមានឈ្មោះថា Truong Hai អាយុ ៣២ ឆ្នាំ មកធ្វើការព្រមាន និង ពិន័យប្រាក់ចំនួន ១១ លានដុង (ប្រមាណ ៤៦០ ដុល្លារ) ព្រោះតែទង្វើរបស់ខ្លួន។ បុរសអ្នកបើកតាក់ស៊ីរូបនោះ ត្រូវប្រគល់ប្រាក់ចំនួន ៨៩ ដុល្លារ និង ធ្វើការសុំទោសទៅកាន់ភ្ញៀវកូរ៉េចំពោះទង្វើខ្លួន។
យ៉ាងណាមិញ មន្ត្រីទេសចរវៀតណាមបានបន្ថែមថា ៖ «ការពិន័យ និង ព្រមាននេះមិនមែនចំពោះតែក្រុមអ្នកបើកតាក់ស៊ីនោះទេ គឺចំពោះអ្នកបម្រើការទាក់ទងនឹងវិស័យទេសចរណ៍ទាំងអស់ ក្នុងករណីធ្ងន់ធ្ងរនឹងធ្វើការដកអាជ្ញាបណ្ណ ឬ បិទក្រុមហ៊ុន។ រាល់ភ្ញៀវទេសចរដែលជួបបញ្ហាក្លែងបន្លំប្រាក់ អាចធ្វើការរាយការណ៍មកកាន់មន្ទីរទេសចរណ៍ប្រចាំតំបន់ដើម្បីធ្វើចំណាត់ការ និង ដោះស្រាយភ្លាមៗ»៕