កាន់តែប្លែក! ចែអំបិលម្ទេស យកពោះវៀនកង់ម៉ូតូចុចអំបិលម្ទេសខាំហែកហូបយ៉ាងទំនង កំពុងផ្ទុះការវែកញែក
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញវីដេអូថ្មីរបស់ ចែអំបិលម្ទេស ដោយបានយកពោះវៀនម៉ូតូជ្រលក់អំបិលម្ទេសក្រហមច្រាលខាំហូបយ៉ាងទំនង ដែលនេះជារឿងមួយនឹកស្មានពុំដល់។
វីដេអូខាងលើនេះ ត្រូវបានបង្ហោះឡើងកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនៅលើផេកឈ្មោះ Ms Jin Su របស់ ចែអំបិលម្ទេស ផ្ទាល់ ដោយមាតិកាវីដេអូនេះ បានបង្ហាញពីសកម្មភាពរបស់ ចែអំបិលម្ទេស យកពោះវៀនម៉ូតូជ្រលក់អំបិលម្ទេស ហើយខាំយកៗតែម្ដង តែដោយសារពោះវៀនម៉ូតូស្វិតពេកទើបឈប់ហូប ព្រមទាំងធ្វើការសុំអធ្យាស្រ័យពីអ្នកទស្សនាថែមទៀត ដែលជាមួយគ្នានោះក៏មានអ្នកលេងហ្វេសប៊ុកនាំឱ្យមានការចែករំលែក និង បង្ហាញការយល់ឃើញរៀងៗខ្លួន។
យ៉ាងណាមិញ កន្លងមកម្ចាស់ផេក Ms Jin Su ដែលតែងហៅខ្លួនឯងថា ចែអំបិលម្ទេស បានធ្វើឱ្យវីដេអូរបស់ខ្លួនសាយភាយទៅដល់ប្រទេសថៃ ដែលជាក់ស្ដែងមានស្ថាប័នសារព័ត៌មាន Amarin TV និង ឆានែល ข่าวช่องวัน បានយកវីដេអូហូបរបស់ប្លែកៗពីផេក Ms Jin Su ដែលមានមាតិកាប្លែកៗខុសគេ ដូចជាហូបស្បែកជើង និង ហូបកន្លាតឆៅ យកទៅធ្វើការចុះផ្សាយចេញជាព័ត៌មានផងដែរ៕