លើកមុនស្រោចស្រង់មិនទាន់ផុតផង ឥឡូវតួកគីជួបគ្រោះរញ្ជួយដីមួយទៀត ស្ល-ា-.ប់របួសជាង ២០០ នាក់
គ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារលើប្រទេសតួកគីជាថ្មី ក្បែរទីក្រុង Antakya បណ្ដាលឱ្យមនុស្ស ៣ នាក់ស្លាប់ និង ជាង ២០០ នាក់ផ្សេងទៀតរងរបួស។
គ្រោះរញ្ជួយដីនោះដែរ បានកើតមានឡើងនៅទីក្រុង Defne ក្នុងខេត្ត Hatay ភាគខាងត្បូងប្រទេសតួកគី ជិតព្រំប្រទល់នឹងប្រទេសស៊ីរី វេលាម៉ោង ២០ និង ០៤ នាទី យប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ (ពេលវេលាក្នុងតំបន់)។
តាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រចាំប្រទេសតួកគី បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ២១៣ នាក់ផ្សេងទៀតរងរបួស ខណៈអគារមួយចំនួនត្រូវបានដួលរលំ។ គួរឱ្យដឹងផងដែរថា គ្រោះរញ្ជួយដីថ្មីនេះ កើតមានឡើងត្រឹមតែ ២ សប្ដាហ៍ក្រោយភាគខាងត្បូងប្រទេសតួកគី និង ភាគខាងជើងប្រទេសស៊ីរី ត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ ដែលបណ្ដាលឱ្យមនុស្សជាង ៤៧ ០០០ នាក់បានបាត់បង់ជីវិត៕