អេស្ប៉ាញ ប្រទេសដំបូងគេនៅអឺរ៉ុប ឱ្យច្បាប់ ៣ ទៅ ៥ ថ្ងៃ ដល់ស្ត្រីឈឺចាប់ពេលមករដូវ រៀងរាល់ខែ
ប្រទេសអេស្ប៉ាញ ក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលបានអនុម័តច្បាប់ អនុញ្ញាតឱ្យបុគ្គលិកជាស្ត្រី ដែលមានបញ្ហាមិនស្រួលខ្លួនពេលមករដូវ អាចដាក់ច្បាប់ឈប់សម្រាកពីការងារបាន។
ច្បាប់មួយនេះដែរ ត្រូវបានសភាអនុម័តកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ដែលជាផ្នែកមួយក្នុងពង្រីកកញ្ចប់ច្បាប់លើសិទ្ធិផ្លូវភេទ និង បន្តពូជ ដោយរួមបញ្ចូលទាំងច្បាប់អនុញ្ញាតឱ្យពលរដ្ឋអាយុ ១៦ ឆ្នាំឡើង អាចធ្វើការរំលូតកូន ឬ អាចផ្លាស់ប្ដូរភេទបានដោយសេរីលើអត្តសញ្ញាណប័ណ្ណរបស់ពួកគេ។
តាមច្បាប់ការងារថ្មីមួយនេះដែរ អាចអនុញ្ញាតឱ្យបុគ្គលិកស្រីមានសិទ្ធិសុំច្បាប់ឈឺពេលមករដូវបានរយៈពេល ៣ ថ្ងៃ និង អាចបន្តច្បាប់រហូតដល់ ៥ ថ្ងៃ ប្រសិនបើការឈឺចាប់មានសភាពខ្លាំងក្លា។ យ៉ាងណាមិញ ចំពោះច្បាប់នេះដែរ គឺតម្រូវឱ្យបុគ្គលិកស្រីទាំងនោះមានលិខិតបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ៕