ស្រណោះណាស់! នេះជារឿងរំជួលចិត្តនៅពីក្រោយរូប Pre-Wedding កូនក្រមុំវ័យ ៦៨ ឆ្នាំ និង កូនកំលោះវ័យ ២៥ ឆ្នាំ
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ មានរូបភាព Pre-Wedding របស់កូនកំលោះវ័យ ២៥ ឆ្នាំ និង កូនក្រមុំ ៦៨ ឆ្នាំ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ជាពិសេសរឿងរ៉ាវនៅពីក្រោយការថតនេះ ក៏រឹតតែធ្វើឱ្យមហាជនរំជួលចិត្តទៅទៀត។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសវៀតណាម ដែលតាមពិតទៅរូបគូនេះ គឺជាចៅ និង យាយ ប៉ុណ្ណោះ ដោយសារតែខាងចៅប្រុសបាននាំលោកយាយរបស់ខ្លួន ទៅថត Pre-Wedding លើកដំបូងក្នុងជីវិត ដើម្បីឱ្យលោកយាយមានអនុស្សាវរីយ៍ស្លៀកឈុតកូនក្រមុំឱ្យបានម្តងក្នុងជីវិត។
ចៅប្រុសបានរៀបរាប់ឱ្យដឹងថា ដោយសារតែឪពុកម្តាយបានចែកផ្លូវគ្នា ខ្លួនក៏បានរស់នៅជាមួយតាយាយ តាំងពីអាយុ ៤ ឆ្នាំមកម្ល៉េះ ខ្លួនស្រឡាញ់តាយាយដូចជាឪពុកម្តាយបង្កើតដូច្នោះឯង។ តែគួរឱ្យសោកស្តាយ លោកតាក៏ទើបតែបាត់បង់ជីវិតទៅថ្មីៗនេះ ធ្វើឱ្យយាយខូចចិត្តសោកស្តាយខ្លាំងណាស់ ទើបខ្លួនចេះតែនាំគាត់ធ្វើនេះធ្វើនោះ ដើម្បីបន្លប់ទុក្ខ រួមទាំងការនាំលោកយាយដើរលេងជាដើម។ ជាពិសេសខ្លួនក៏ទើបតែដឹងថា កាលពីតាយាយរៀបការ លោកទាំងពីរមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញឈុតស្លៀកត្រឹមត្រូវទេ។ ដូច្នេះហើយ ទើបនឹកឃើញបបួលយាយមកថត Pre-Wedding ជាមួយគ្នា ហើយខ្លួនធ្វើជាកូនកំលោះឱ្យយាយតែម្តងទៅ។
យ៉ាងណាមិញ ចំណែកលោកយាយវិញ ខណៈចៅបបួលមកថតបែបនេះ ក៏មិនប្រកែកឡើយ ព្រមទាំងឱ្យគេផាត់មុខប្តូរសម្រស់មើលទៅប្លែកខ្លាំងតែម្តង៕