សម្រាប់អ្នកត្រៀមរៀបការ បើចង់ធ្វើអេតាស៊ីវិល ចាំបាច់ត្រូវមានឯកសារទាំងនេះ
នៅពេលមនុស្សពីរនាក់ មានទំនាក់ទំនងស្នេហានឹងគ្នាកាន់តែស៊ីជម្រៅ ពិតណាស់ដែលអ្នកទាំងពីរនឹងចាប់ផ្ដើមគិតដល់ការរៀបអាពាហ៍ពិពណ៍ ហើយក៏ជាពេលដែលពួកគេ ត្រូវគិតពីការចុះសំបុត្រអាពាណ៍ពិពាហ៍ ឬ អេតាស៊ីវិល ផងដែរ។ នាពេលថ្មីៗនេះ មានយុវតីមួយរូបបានផ្ញើសារសាកសួរ រដ្ឋបាលស្រុកឈូក ខេត្តកំពត អំពីឯកសារតម្រូវសម្រាប់ធ្វើសំបុត្រអាពាហ៍ពិពាហ៍។ ក្រោយឃើញដូច្នេះ ខាងរដ្ឋបាលស្រុកឈូក ខេត្តកំពត បានឆ្លើយតប ព្រមទាំងពន្យល់ពីនីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ដូចខាងក្រោម៖
១. ភាគីបុរស និង នារី ត្រូវគោរពតាមលក្ខខណ្ឌគ្រឹះតាមមាត្រា ៩៤៨ រហូតដល់មាត្រា ៩៥៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧
២. ភាគីទាំង ២ ត្រូវបញ្ជាក់ភាពនៅទំនេរ នៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន
ចំណាំត្រូវភ្ជាប់ជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
ក. លិខិតបញ្ជាក់ភាពនៅលីវ កំលោះ ក្រមុំ
ខ. លិខិតបញ្ជាក់ភាពនៅទំនេរ មេម៉ា ឬពោះម៉ាយ
មេម៉ាយ ឬ ពោះម៉ាយ មានលក្ខខណ្ឌ ២៖
+ ភាគីណាម្នាក់ស្លាប់ ត្រូវមានសំបុត្រមរណៈភាព
+ បើភាគីណាបានលែងលះត្រូវមានសាលក្រម ឬ ដីកាសម្រេចពីការលែងលះ
៣.ក្រោយមកភាគីទាំងពីរត្រូវយកលិខិតបញ្ជាក់ភាពនៅលីវ ឬលិខិតបញ្ជាក់លិខិតបញ្ជាក់ នៅទំនេរទៅដាក់ពាក្យបណ្តឹងសុំរៀបអាពាហ៍ពិពាហ៍នៅមន្ត្រីអត្រានុកូលដ្ឋានលំនៅដ្ឋានខាងស្រី
៤. មន្ត្រីអត្រានុកូលដ្ឋានចេញប័ណ្ណប្រកាសរៀបអាពាហ៍ពិពាហ៍អោយភាគីទាំង ២ ដោយបិទប្រកាសជាសាធារណៈ មាន ៥ ច្បាប់ដើម ២ ច្បាប់បិទនៅសាលាឃុំឬសង្កាត់លំនៅដ្ឋានខាងស្រី និងនៅផ្ទះខាងស្រី និង ២ ច្បាប់ទៀតបញ្ជូនទៅបិទនៅសាលាឃុំឬសង្កាត់លំនៅគេហដ្ឋានខាងប្រុស និងនៅផ្ទះខាងប្រុស ហើយ ១ ច្បាប់ទៀតត្រូវតម្កល់នៅឃុំ សង្កាត់ដែលចេញប័ណ្ណប្រកាសនោះ។ តែបើបុរសនារីរស់នៅឃុំសង្កាត់តែ ១ ទេ ប័ណ្ណប្រកាសត្រូវចេញ ៤ ច្បាប់ដើម បិទនៅផ្ទះខាងស្រី ១ ច្បាប់ បិទនៅផ្ទះខាងប្រុស ១ ច្បាប់ និងបិទនៅឃុំសង្កាត់ ១ ច្បាប់ ហើយ ១ ច្បាប់ទៀតត្រូវតម្កល់ទុកនៅឃុំ សង្កាត់ដែលចេញប័ណ្ណប្រកាសនោះ។
ខាងរដ្ឋបាលស្រុក បានបញ្ជាក់ឱ្យដឹងទៀតថា លិខិតត្រូវបិទឱ្យបានមុន ១០ ថ្ងៃនៃការរៀបអាពាហ៍ពិពាហ៍ ដើម្បីឱ្យតតិយជនណាដែលមានប្រយោជន៍ក្នុងទំនាក់ទំនងនឹងភាគីណាមួយ ធ្វើការប្តឹងជំទាស់នឹងការរៀបអាពាហ៍ពិពាហ៍នេះ បើមានបណ្តឹងភាគីអាចរៀបការបានលុះត្រាតែដោះស្រាយលើបណ្តឹងបណ្តឹងនោះរួចរាល់សិន តែបណ្តឹងនោះធ្វើឡើងដោយបំពាន តតិយជនដែលដាក់បណ្តឹងនោះត្រូវទទួលខុសត្រូវលើព្យសនកម្ម(ការខូចខាត)ដែលកើតឡើងចំពោះអាពាហ៍ពិពាហ៍នោះ ឧទាហរណ៍ ថ្លៃម្ហូប ថ្លៃភ្លេង .ល.។
៥. ក្រោយពីភាគីរៀបការហើយភាគីទាំង ២ នាំគ្នាទៅចុះបញ្ជីអាពាហ៍ពិពាហ៍ នៅលំនៅដ្ឋានខាងស្រី ដោយមានសាក្សី ២ នាក់ ជានីតិជន ហើយមានស្មារតីគ្រប់គ្រាន់៕