កុម្ម៉ង់ម្ហូបអនឡាញ ១៥ នាទីដល់ តែពេលបើកឃើញសើចគឹល ព្រោះគេដាក់ដោយទាំងចានក្នុងប្រអប់
ពិតជាគួរឱ្យអស់សំណើចមិនស្ទើរឡើយនូវរឿងរ៉ាវរបស់នារីម្នាក់ ដែលកុម្ម៉ង់អាហារតាមអនឡាញ ១៥ នាទីដល់ ហើយបានប៉ះអ្នកលក់លឿនទាន់ចិត្ត ភ្លេចដោយទាំងចានបាយនៅក្នុងប្រអប់យ៉ាងជ្រងោៗ។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសថៃ ដែលនារីខាងលើបានរៀបរាប់ឱ្យដឹងថា ខ្លួនបានកុម្ម៉ង់អាហារតាមអនឡាញពីហាងមួយកន្លែង តម្លៃសរុបប្រមាណជាជាង ៨ ដុល្លារ។ យ៉ាងណាមិញ ខណៈយកដល់ នាងកាន់ប្រអប់ហើយ មានអារម្មណ៍ថាធ្ងន់ខ្លាំងខុសធម្មតា ម្ហូបដែលនាងកុម្ម៉ង់មិនសមធ្ងន់ដល់ថ្នាក់នេះឡើយ រួចហើយនាងមិនចាំយូរក៏បានប្រញាប់បើកមើល។
គ្រាន់តែបើកឃើញហើយ នាងហួសចិត្ត ថែមទប់សំណើចមិនជាប់ឡើយ ព្រោះអ្វីដែលធ្ងន់ៗនេះ តាមពិតជាចានបាយដែលអ្នកលក់ដួសបាយដាក់ឱ្យហើយ ភ្លេចយកចេញទៅវិញទេ។ នាងពិតជាអស់សំណើចមិនបាត់ឡើយ ថែមមករៀបរាប់នៅតាមបណ្តាញសង្គមថា ថ្មើរនេះអ្នកលក់កំពុងតែផ្អើលរឿងបាត់ចានហើយមើលទៅ ទាំងដែលតាមពិតវាកំពុងនៅក្នុងប្រអប់បាយនាងឯណេះសោះ។
ដោយឡែក មហាជននៅតាមបណ្តាញសង្គមវិញ ឃើញហើយក៏អស់សំណើចមិនចាញ់គ្នាឡើយ មានអ្នកខ្លះថែមទាំងចូលមិនលលេងទៀតថា ចានមួយនេះមើលទៅស្អាត ប្រហែលតម្លៃមិនធម្មតា សង្ស័យគ្រប់ថ្លៃអាហារវិញហើយមើលទៅ៕