ដំណឹងក្ដៅៗ! មេធំ Facebook នឹងបើកមុខងារ Verify ដោយគិតលុយចាប់ពី 11.99 ក្នុងមួយខែ
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុន Meta Platforms (META.O) បានប្រកាសថា ខ្លួនកំពុងសាកល្បងសេវាកម្មប្រចាំខែ Meta Verified ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទទួលបានសញ្ញាធីក Verified ផ្ទៀងផ្ទាត់គណនីរបស់ពួកគេ ដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ដែលផ្ដល់ដោយរដ្ឋាភិបាល ដើម្បីជួយឱ្យអ្នកបង្កើតមាតិកាឱ្យមានភាពរីកចម្រើនជាងមុន។
យ៉ាងណាមិញ ចំពោះសេវាកម្មសម្រាប់ Instagram និង Facebook នឹងត្រូវដាក់ឱ្យដំណើរការនៅចុងសប្តាហ៍នេះគឺ រួមបញ្ចូលទាំងការការពារបន្ថែមប្រឆាំងនឹងការក្លែងបន្លំ ដែលមានតម្លៃចាប់ពី ១១.៩៩ ដុល្លារក្នុងមួយខែ សម្រាប់គេហទំព័រ ឬ ១៤.៩៩ ដុល្លារក្នុងមួយខែនៅលើប្រព័ន្ធ iOS របស់ Apple និង ប្រព័ន្ធ Android ។
គួរបញ្ជាក់ដែរថា Meta Verified នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី និង ណូវែលសេឡង់ ក្នុងសប្តាហ៍នេះ ហើយក៏គ្រោងនឹងមានការបើកដំណើរការជាបណ្តើរៗនៅក្នុងប្រទេសផ្សេងទៀត។ ហើយការផ្លាស់ប្តូររបស់ក្រុមហ៊ុន Meta នេះ ត្រូវបានគេយល់ថា ធ្វើតាមក្រុមហ៊ុន Twitter ដែលបានប្រកាសកាលពីខែមុនថា Twitter Blue នឹងមានតម្លៃ ១១ ដុល្លារក្នុងមួយខែ។
ដោយឡែក នាយកប្រតិបត្តិរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សលោក Mark Zuckerberg ក៏បាននិយាយដែរថា ខ្លួនគ្រោងនឹងចេញផលិតផលថ្មីជាច្រើន ដែលនឹងផ្តល់សិទ្ធិដល់អ្នកបង្កើតមាតិកាឱ្យមានភាពសកម្ម និង ច្នៃប្រឌិតជាងមុន ហើយក៏បង្កើនការប្រុងប្រយ័ត្នអំពីការចំណាយ ទាក់ទងនឹងបច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់ចម្បង។
មិនតែប៉ុណ្ណោះ សូម្បីកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដូចជា Snap Inc (SNAP.N) Snapchat និង កម្មវិធីផ្ញើសារ Telegram ក៏បានបើកដំណើរការសេវាកម្មបង់ថ្លៃ ដែលជាប្រភពចំណូលថ្មីកាលពីឆ្នាំ ២០២២ កន្លងទៅដែរ៕
ប្រភព ៖ Reuters