សម្ដេច ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យ ២០ លានរៀល ក្នុងបុណ្យសព នាយក្ដឹប
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាសម្ដែងការភ្ញាក់ផ្អើល និង ចូលរួមរំលែកទុក្ខ ក្រោយពីបានទទួលដំណឹងថាតារាកំប្លែងជើងចាស់ល្បីឈ្មោះ នាយក្តឹប បានទទួលមរណភាព នៅម៉ោង ៩ និង ៤៥ នាទីយប់ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយរោគាពាធ។
ក្រោយទទួលបានដំណឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោក សេង ទៀង ដែលជាជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាំយកបច្ច័យរបស់សម្តេចទាំងទ្វេចំនួន ២០ លានរៀល ចូលបុណ្យសព នាយក្តឹប អតីតតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះ។
ទន្ទឹមនឹងការនាំយកបច្ច័យនេះ លោក សេង ទៀង បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះគ្រួសារសព នាយក្តឹប ដោយចាក់ទុកមរណភាពរបស់នាយក្តឹប គឺជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវសិល្បករដ៏ប៉ិនប្រសប់មួយរូប។ ជាមួយគ្នានេះ លោកក៏បានសូមឧទ្ទិសបួងសួង ឱ្យដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព ៖ Fresh News