ក្រសួងអប់រំរបស់ថៃ បានចេញបទប្បញ្ញត្តិថ្មី «ហាមសាលាមិនឱ្យបណ្តេញសិស្សមានផ្ទៃពោះ»
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Coconuts Bangkok បានរាយការណ៍ឱ្យដឹងថា ក្រសួងអប់រំរបស់ប្រទេសថៃបានចេញបទប្បញ្ញត្តិថ្មី «ហាមប្រាមសាលារៀនមិនឱ្យបណ្តេញសិស្សមានផ្ទៃពោះ» និងកែតម្រូវឱ្យពួកគេផ្តល់ការអប់រំអំពីបញ្ហាផ្លូវភេទឱ្យបានគ្រប់គ្រាន់ដោយសមរម្យទៅតាមវ័យ។
បើតាមប្រភពដដែលបន្តថា គណៈកម្មការអប់រំឯកជន បាននិយាយអំពីការកែប្រែច្បាប់ស្តីពីការការពារ និង ដំណោះស្រាយនៃបញ្ហាមានផ្ទៃពោះនៅវ័យជំទង់ ដោយបានបង្កើតបទប្បញ្ញត្តិថ្មីនឹងចូលជាធរមាន ចាប់ពីថ្ងៃប្រកាសនឹងអនុវត្តចំពោះសាលាបឋមសិក្សា, វិទ្យាល័យ, សាលាវិជ្ជាជីវៈ និងគ្រឹះស្ថានឧត្តមសិក្សា។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ ចំពោះសាលារៀននៅក្នុងប្រទេសថៃដែលបានបណ្តេញ និង ព្យួរឈ្មោះសិស្សដែលមានផ្ទៃពោះពីការសិក្សា ដោយមិនព្រមអនុវត្តតាមបទប្បញ្ញត្តិថ្មីនឹងត្រូវបានចាត់ទុកថាជាការបំពានច្បាប់។
សូមបញ្ជាក់ផងដែរថា តាមច្បាប់នៃបទប្បញ្ញត្តិថ្មីដែលការពារសិស្សមានផ្ទៃពោះពីការបណ្តេញចេញ ដោយអនុញ្ញាតឱ្យសិស្សដែលមានផ្ទៃពោះបានឈប់សម្រាក មុន និង ក្រោយពេលសម្រាលកូន ហើយស្ថាប័ននានាត្រូវបានតម្រូវឱ្យកែសម្រួលចំណាត់ថ្នាក់របស់ពួកគេឱ្យសមទៅតាមសមត្ថភាពរបស់សិស្ស។
ដោយសង្កត់ធ្ងន់ នៅពេលចាំបាច់ សាលារៀនក៏ត្រូវទទួលខុសត្រូវក្នុងការរៀបចំសេវាសុខភាពបន្តពូជឱ្យបានត្រឹមត្រូវសម្រាប់សិស្ស ដោយដាក់ឱ្យពួកគេទាក់ទងជាមួយនឹងទីភ្នាក់ងារសុខាភិបាល ឬអ្នកផ្តល់ប្រឹក្សាដែលពាក់ព័ន្ធ៕