ថៃរំពឹងប្រមូលលុយបានរាប់ពាន់លាន ក្រោយច្បាប់យកថ្លៃសេវាពីទេសចរ ៣០០ បាត ចូលជាធរមានចាប់ពីថ្ងៃទី ១ មិថុនា
សារព័ត៌មាន Bangkok Post បានចុះផ្សាយនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា ប្រទេសថៃនឹងផ្តល់ការធានារ៉ាប់រងសម្រាប់ភ្ញៀវទេសចរបរទេស នៅពេលអ្នកទេសចរណ៍បានបង់ប្រាក់រួចរាល់សម្រាប់ថ្លៃចូលទស្សនាប្រទេសរបស់ខ្លួន ដែលច្បាប់នេះនឹងត្រូវបានដាក់ឱ្យអនុម័តចាប់ពីខែមិថុនាខាងមុខតទៅ។
នេះគឺជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Traisuree Taisaranakul ដែលបាននិយាយកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។ ចំពោះការប្រមូលថ្លៃ គឺទេសចរតាមផ្លូវអាកាសតម្រូវឱ្យបង់មុន ៣០០ បាត ខណៈភ្ញៀវមកតាមផ្លូវគោក ឬ ផ្លូវសមុទ្រត្រូវបង់ម្នាក់ ១៥០ បាត។ ថ្លៃសេវានេះនឹងមិនអនុវត្តចំពោះអ្នកដែលកាន់លិខិតឆ្លងដែនការទូត ឬ ផ្លូវការ និង ជនបរទេសណាដែលមានប័ណ្ណការងារ កុមារអាយុក្រោមពីរឆ្នាំ អ្នកធ្វើដំណើរពេលថ្ងៃ អ្នកដំណើរឆ្លងកាត់ ឬ ផ្សេងទៀត ដែលកំណត់ដោយគណៈកម្មាធិការជាតិទេសចរណ៍។
មិនតែប៉ុណ្ណោះ លោកស្រី Traisuree បាននិយាយទៀតថា ៖ «នៅពេលដែលថ្លៃសេវាចាប់ផ្តើមប្រមូល ប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលផ្តល់ការធានារ៉ាប់រងលើគ្រោះថ្នាក់ ការស្លាប់ និង ការធ្វើមាតុភូមិនិវត្តន៍សព»។ លោកស្រីបន្តទៀតថា ៖ «ការធានារ៉ាប់រងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្កើនទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរ»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង កីឡា លោក Phiphat Ratchakitprakarn ក៏បានលើកឡើងដែរថា ៖ «ថ្លៃសេវានឹងត្រូវបានគេស្គាល់ថាជាថ្លៃធ្វើដំណើររបស់ប្រទេសថៃ (TTF) ហើយវានឹងចូលជាធរមានក្នុងរយៈពេល ៩០ ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលចេញផ្សាយសេចក្តីប្រកាសនៅក្នុង Royal Gazette ដោយកាលបរិច្ឆេទចាប់ផ្តើមត្រូវបានរំពឹងទុកថាចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ តទៅ»។
លើសពីនេះលោកក៏បាននិយាយទៀតថា ៖ «រដ្ឋាភិបាលថៃ រំពឹងថានឹងប្រមូលថ្លៃសេវាសរុបបានចំនួន ៣.៩ ពាន់លានបាត ក្នុងឆ្នាំ ២០២៣ នេះ ហើយប្រាក់ចំណូលមួយចំនួននឹងត្រូវបានបែងចែកសម្រាប់ការធានារ៉ាប់រងសុខភាព និង គ្រោះថ្នាក់សម្រាប់អ្នកទេសចរអំឡុងពេលស្នាក់នៅ»។ មិនតែប៉ុណ្ណោះលោកក៏បានបន្តថា ៖ «ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ រដ្ឋាភិបាលត្រូវការឧបត្ថម្ភធនលើការព្យាបាលវេជ្ជសាស្រ្តសម្រាប់ភ្ញៀវទេសចរបរទេសនៅក្នុងមន្ទីរពេទ្យរដ្ឋ ដែលមានតម្លៃប្រមាណ ៤០០ លានបាត»។
ដោយឡែក ប្រធាននាយកដ្ឋានគាំទ្រសេវាសុខភាព (DHSS) លោកវេជ្ជបណ្ឌិត Natthawut Prasertsiripong បាននិយាយថា ៖ «ភ្ញៀវទេសចរបរទេសមួយចំនួនមិនអាចបង់ថ្លៃមន្ទីរពេទ្យ ឬ បង់ថ្លៃសេវាពេញលេញរបស់ពួកគេបានទេ បន្ទាប់ពីពួកគេបានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ បើទោះបីជា DHSS មានមជ្ឈមណ្ឌលទាមទារសំណង ដើម្បីជួយតាមដានលើការបង់ប្រាក់ពីអ្នកជំងឺ ឬសាច់ញាតិរបស់ពួកគេក៏ដោយ ហើយការខិតខំប្រឹងប្រែងនេះ គឺវានៅឆ្ងាយពីភាពជោគជ័យពេក»៕
ប្រភព ៖ Bangkok Post