ចោរថ្លើមធំ ហ៊ានលួចខ្សែ-កមាសពីរូបសំណាកស័ក្តិសិទ្ធិ នាងណាត ទាំងកណ្តាលថ្ងៃចែស
ថ្មីៗនេះ មានហេតុការណ៍មួយបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅប្រទេសថៃ ដែលមានចោរជើងល្អ ចូលទៅលួចខ្សែ-កមាស ពីរូបសំណាក នាងណាត ស័ក្តិសិទ្ធិ ទាំងកណ្តាលថ្ងៃចែស។
ហេតុការណ៍មួយនេះ បានកើតឡើងនាកន្លែងរូបសំណាកស័ក្តិសិទ្ធិរបស់នាងណាត ក្នុងវត្ត Mahabut នាតំបន់ Phra Khanong ក្រុងបាងកក ដែលជាកន្លែងគោរពបូជាដ៏ល្បីមួយប្រចាំទីក្រុងមួយនេះ។ បើតាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ មាននារីជា Tomboy ម្នាក់ បានចូលមកលួចខ្សែ-កមាសនៅលើរូបសំណាកនាងណាត ទាំងកណ្តាលថ្ងៃចែស កំពុងពេញមានមនុស្សម្នាមកគោរពបូជា។
ដល់ពេលគេចាប់ក្របួចបានទៅ នារីខាងលើបាននិយាយដោះសាថា ខ្សែ-កនេះ គឺខ្លួនជាអ្នកនាំមកថ្វាយនាងណាតផ្ទាល់ប៉ុន្មានថ្ងៃមុននេះ។ ក្រោយមក បន្ទាប់ពីបានស៊ើបសួររួចមក ទើបដឹងថា នារីម្នាក់នេះ ជាមនុស្សមានសតិមិនសូវប្រក្រតីនោះទេ ទើបចូលមកអុកឡុកដល់ក្នុងសំណាក់បែបនេះ។
យ៉ាងណាមិញ ខាងអាជ្ញាធរក្នុងតំបន់ ក៏ដូចជានៅកន្លែងផ្ទាល់ មិនបានទាមទារយកទោសពៃ ឬប្តឹងផ្តល់អ្វីជាមួយនារីម្នាក់នេះឡើយ ដោយគ្រាន់តែយកខ្សែកមាសមកវិញប៉ុណ្ណោះ ហើយក៏បញ្ជូននាងទៅកាន់មន្ទីរពេទ្យ ព្រោះតែគ្មានញាតិមិត្តបងប្អូនណាចេញមកទទួលខុសត្រូវឡើយ៕