ទិវានៃក្ដីស្រឡាញ់ បាត់ប្ដីពីព្រឹកទល់ល្ងាច តាមពិតប្ដីទៅទិញផ្កាជូន ចៃដន្យបើកឡានធ្លាក់ប្រឡាយ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលផង ផ្ទុះសំណើចផង ករណីបុរសម្នាក់បានទិញផ្កាជូនភរិយាជាទីស្រឡាញ់របស់ខ្លួនក្នុងឱកាសទិវានៃក្ដីស្រឡាញ់ តែបែរជាស៊យដោយបើករថយន្តធ្លាក់ប្រឡាយ តែពុំមានគ្រោះថ្នាក់នោះឡើយ។
ចំពោះរឿងនេះ តាមរយៈគណនីស្ត្រីដែលជាភរិយាឈ្មោះ OmOm OiOi បានបង្ហោះសកម្មភាពស្វាមីខ្លួនឈរកាន់បាច់ផ្កា ក្បែរឡានដែលធ្លាក់ប្រឡាយ ព្រមទាំងរៀបរាប់បែបនេះថា ៖ «បាត់មួយព្រឹកទល់ល្ងាច អ្នកណាមិនខឹង ដំបូងខឹង ឮដំណឹងភ័យ ពេលដឹងថាសុវត្ថិភាពសើច តែឥលូវដល់វគ្គអាណិតពូម្ចាស់ឡានម្តង ប៉ាវាថាអត់បាន prank ទេណាម៉ាក់វាពិតៗ»។
យ៉ាងណាមិញ បើតាមរយៈគណនីបុរសជាប្ដី បានបង្ហោះរូបបាច់ផ្កាយ៉ាងស្រស់ស្អាត ព្រមទាំងសកម្មភាពរបស់ខ្លួន ជាមួយពាក្យថា ៖ «ដល់គោលដៅសម្រាប់ថ្ងៃទី ១៤ កុម្ភៈ ២០២៣ ជូនម៉ាក់តាន់តាន់»៕