សរសើរទឹកចិត្ត! ថ្ងៃនៃក្ដីស្រឡាញ់ ស្រីផាច ធ្វើប៊ឺហ្គឺខ្ចប់ស្លឹកឈូកចែកក្មេងៗក្នុងភូមិហូប កក់ក្ដៅបំផុត
យុវតីខ្មែរឈ្មោះ ឆម ស្រីផាច និយមនិយាយរដឺនៗធ្វើមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ បានធ្វើឱ្យមហាជនកាន់តែស្រឡាញ់ចូលចិត្ត ក្រោយអ្នកផលិតមាតិកាវីដេអូរូបនេះ តែងតែធ្វើម្ហូបឆ្ងាញ់ៗ ចែកជូនក្មេងៗក្នុងភូមិទទួលទានជាប្រចាំ ជាសកម្មភាពដ៏ប្រពៃ និង គួរឱ្យស្ញើចសរសើរបំផុត។
ជាក់ស្ដែង នៅក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ យុវតី ឆម ស្រីផាច បានផលិតវីដេអូធ្វើប៊ឺហ្គឺខ្ចប់ស្លឹកឈូកជាច្រើនដុំ ចែកជូនក្មេងៗក្នុងភូមិ បង្ហាញនូវភាពកក់ក្ដៅ និង ក្ដីស្រឡាញ់ដ៏ធំធេងជូនចំពោះកុមារាកុមារី ខណៈកន្លងមក ស្រីផាច ក៏តែងធ្វើវីដេអូចែករំលែកនំបុ័ងដាក់សាច់ ប្រហិតចៀន បាយមាន់ ព្រមទាំងចែកខោអាវជាច្រើនពីសប្បុរសជនទៅកាន់ក្មេងៗក្នុងភូមិដោយក្ដីស្រឡាញ់យ៉ាងកក់ក្ដៅផងដែរ។
គួរឱ្យដឹងផងដែរថា យុវតី ឆម ស្រីផាច បានដាក់ចិត្តដាក់កាយផលិតវីដេអូជាច្រើន ដូចជាការហូបរបស់ផ្សេងៗ រុករករបស់ធម្មជាតិហូប និង វីដេអូជាច្រើនទៀតនៅតាមជនបទបែបស្រុកស្រែចម្ការ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយ និង ចូលចិត្តទស្សនាក្រៃលែង រហូតមានអ្នកតាមដានដល់ទៅជាងមួយលាននាក់ ជាកត្តាលើកទឹកចិត្តឱ្យយុវតីរូបនេះផលិតវីដេអូបែបស្រុកស្រែបន្តទៀត គ្រាន់បម្រើអារម្មណ៍សាធារណជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមផងដែរ៕