លែងលំបាកហើយ! សម្ដេចពិភាក្សារៀបចំកន្លែងព្យាបាលឥតគិតថ្លៃដល់កីឡាករ-ការិនីរាប់រយគ្រែ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យបានដឹងថា ព្រឹកនេះសម្ដេចបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និង លោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី ១០០ ទៅ ២០០ គ្រែ ខណៈការព្យាបាលមិនតម្រូវឱ្យមានការបង់ប្រាក់ និង ត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។
ក្នុងនោះ សម្ដេចក៏សូមឱ្យក្រសួងសុខាភិបាលរៀបចំឱ្យបានឆាប់ ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ និង សូមកីឡាករកីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត។
គួរឱ្យដឹងផងដែរ ការសម្រេចធ្វើឡើងបែបនេះ ដោយសារតែកន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួត ពិសេសកីឡាបាល់ទាត់ និង ប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និង ឯកជនដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផង ដែលជាញឹកញាប់ ភរិយារបស់សម្ដេចតេជោ លោកជំទាវបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ៕