ក្រុមហ៊ុន MSA ចូលរួមលើកកម្ពស់សុខភាពកុមារ ជាការជួយអភិវឌ្ឍសង្គមជាតិ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Marketing Solutions Asia, Ltd. ឬ ត្រូវបានគេស្គាល់ថា MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជា ដែលមានលោក សុខ គឹមនិតតា ជាអគ្គនាយកក្រុមហ៊ុន បានដឹកនាំក្រុមការងារមួយចំនួនដើម្បីយកថវិកាចំនួន ១៥.០០០ ដុល្លារ ព្រមទាំងភេសជ្ជៈចំនួន ៥០០ កេស គិតជាទឹកប្រាក់សរុបស្មើនឹង ២០.០០០ ដុល្លារ ទៅបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីរសៀលថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២៣។
ក្រុមហ៊ុន MSA តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ហើយក្រុមហ៊ុននឹងបន្តធ្វើការបរិច្ចាគនេះជារៀងរហូតតទៅ។ លោក សុខ គឹមនិតតា អគ្គនាយកក្រុមហ៊ុន MSA បានមានប្រសាសន៍ថា ៖ «ជារៀងរាល់ឆ្នាំ MSA តែងតែបង្ហាញនូវក្តីស្រឡាញ់ចំពោះកុមារកម្ពុជាគ្រប់រូបតាមរយៈការចូលរួមបរិច្ចាគជាថវិកា ក្នុងគោលបំណងរួមចំណែកតាមលទ្ធភាពលើចំណាយក្នុងការព្យាបាល និងការលើកកម្ពស់សុខភាពកុមារដែលជាទំពាំងស្នងប្ញស្សី»។
លោកបានបន្ថែមថា ៖ «បំណងប្រាថ្នារបស់ MSA គឺចង់ឃើញកុមារគ្រប់រូបទទួលបាននូវអាហារញុំាគ្រប់គ្រាន់ ទទួលបាននូវសុខភាពល្អ និង ទទួលបាននូវការអប់រំល្អ ដែលជាស្ពានដ៏រឹងមាំក្នុងការចម្លងពួកគេទៅរកអនាគតដ៏ភ្លឺស្វាងក្នុងថ្ងៃអនាគត»។
នៅក្នុងឱកាសនេះផងដែរ លោក គី ស៊ន់ទី នាយកមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់ក្រុមហ៊ុន MSA ដែលតែងតែចូលរួមបរិច្ចាគថវិកាជូនមន្ទីរពេទ្យជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃនៃក្តីស្រឡាញ់។ «ចំពោះខ្ញុំ សេចក្តីស្រឡាញ់គឺការចែករំលែក ហើយខាងមន្ទីរពេទ្យនឹងនៅតែបន្តចែករំលែកក្តីស្រឡាញ់របស់ខ្លួនតាមរយៈការទទួលព្យាបាលកុមារកម្ពុជាគ្រប់ស្រទាប់ថ្នាក់ប្រកបដោយគុណភាព និងគ្មានការរើសអើង»។ លោក បានបន្ថែម។
ចំណែកឯតារាកំប្លែងដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ពាក់មី បានឱ្យដឹងដែរថា ៖ «កន្លងមក លោកតែងតែចូលរួមក្នុងសកម្មភាពរ៉ៃអង្គាសថវិការដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជានិច្ច ហើយលោកនៅតែសប្បាយចិត្តក្នុងការបន្តចូលរួមធ្វើការងារនេះ ក៏ដូចជាស្ម័គ្រចិត្តចូលរួមក្នុងការផលិតជាវីដេអូនានាដើម្បីរ៉ៃអង្គាសថវិការជូនមន្ទីរពេទ្យគន្ធបុប្ផា»។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន MSA ក៏សូមគោរពថ្លែងអំណរដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យរស់ក្នុងសុខសន្តិភាព និង ឆ្ពោះទៅកាន់ទំព័រសករាជថ្មីដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋអាចប្រកបការងារ និង របរចិញ្ចឹមជីវិតកាន់តែងាយស្រួលជាងមុន ហើយមានជីវភាពកាន់តែល្អប្រសើរជាងមុន។
ក្រុមហ៊ុន MSA អាចរីកចម្រើនបានដូចសព្វថ្ងៃគឺជាការរួមចំណែកដ៏ធំធេង និង មិនអាចខ្វះបានពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបង្កើនគុណភាពការងារពីមួយឆ្នាំទៅមួយឆ្នាំ ក៏ដូចជាដៃគូសហការទាំងអស់ដែលតែងតែគាំទ្រ និង ប្រើប្រាស់សេវាកម្មរបស់ MSA រហូតមក។ MSA ប្តេជ្ញានឹងបង្កើនគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ ហើយសង្ឃឹមថា ក្រុមហ៊ុននឹងអាចទទួលបាននូវការសហការគាំទ្រកាន់តែច្រើនឡើងៗពីសំណាក់ដៃគូ និង អតិថិជនទាំងអស់ ដើម្បីក្រុមហ៊ុនមានលទ្ធភាពបន្តសកម្មភាពរួមចំណែកជួយដល់កុមារ និង សង្គមជាបន្តបន្ទាប់៕