ដាក់ CV តាមខ្លួន! ស្អែកខានស្អែក នៅក្រសួងការងាររើសបុគ្គលិក ៦០១ កន្លែង សម្ភាសភ្លាមៗ
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និង ការងារ សហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជាវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកម្មវិធី «កិច្ចសម្ភាសការងារ» រយៈពេលពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃស្អែកទី ១៥ និង ថ្ងៃខានស្អែកទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ។
កម្មវិធីខាងលើ មានក្រុមហ៊ុនធំៗចំនួន ៧ ចូលរួមផ្តល់ឱកាសការងារជិតសរុបចំនួន ៦០១ កន្លែងថ្មីបន្ថែមទៀត សម្រាប់យុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារធ្វើ។
គួរឱ្យដឹងផងដែរថា កម្មវិធី «កិច្ចសម្ភាសការងារ» នឹងត្រូវរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច៕