១៤ កុម្ភៈចង់បានអី? ស្រាប់តែបងស្រីយុវជនវ័យ ១៧ ឆ្នាំថា ចង់បានប្អូនប្រុសខ្ញុំត្រលប់មកវិញ
កាលពីថ្ងៃទី ១២ ខែកុម្ភៈ កន្លងទៅនេះ មានករណីធ្វើអត្តឃាត នៅចំណុចភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជនរងគ្រោះជាយុវជនអាយុ ១៧ ឆ្នាំ ឈ្មោះ ខៀវ ទេព្ពិរូ បានសម្រេចចិត្តចង-កនឹងខ្សែក្រវ៉ាត់បញ្ចប់ជីវិត ចាកចោលម្តាយ និង គ្រួសារបងប្អូនជាទីស្រឡាញ់ បន្សល់នូវអនុស្សាវរីយ៍ និង ក្ដីសោកស្ដាយ។
ករណីខាងលើនេះដែរ គេសង្កេតឃើញនៅមុនថ្ងៃកើតហេតុ ២ ថ្ងៃ ពោលគឺនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ តាមរយៈគណនីជនរងគ្រោះដែលបញ្ចប់ជីវិត បានស៊ែរវីដេអូបែបក្រៀមក្រំ ព្រមទាំងបង្ហោះសារមួយប្លែកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយសរសេរបែបនេះថា ៖ «បើគ្មានសមត្ថភាពជាប់បាក់ឌុប ២០២៤ I’ll suicide!!»។ ក្រោយពីករណីខាងលើកើតឡើងហើយ មហាជនជាច្រើន ក៏បានចែករំលែកចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារយុវជន ខៀវ ទេព្ពិរូ ផងដែរ។
ដោយឡែក ក្រឡេកទៅមើលគណនីហ្វេសប៊ុកឈ្មោះ LaWann Phimchan ត្រូវបានដឹងថាជាបងស្រីជីដូនមួយ យុវជន ១៧ ឆ្នាំខាងលើ ស្របពេលនឹងថ្ងៃទី ១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់បានមកដល់នោះ រូបគេបានបង្ហោះសារឆ្លើយតបនឹងសំណួរថា «១៤ កុម្ភៈ ចង់បានអី» ដោយរូបគេបានឆ្លើយថា៖ «ចង់បានប្អូនប្រុសខ្ញុំមកវិញ»។ សារនេះដែរ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនអាលោះអាល័យ និង ស្រណោះដល់ការបាត់បង់របស់គ្រួសារនៃសពយ៉ាងខ្លាំង៕