ប្ដីប្រពន្ធការហើយ អត់បានចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗបាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
ការរៀបចំមង្គលការដោយមានតាអាចារ្យ ភ្លេងខ្មែរ ហែរជំនូន និងពិធីផ្សេងៗទៀតជាច្រើនក្នុងរយៈពេល ២ ថ្ងៃ ឬ ៣ ថ្ងៃ ដែលលោកមេបារៀបចំឱ្យកូនចៅគឺធ្វើទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីដើមរៀងមក ប៉ុន្តែមិនមែនមានន័យថាក្លាយជាប្ដីប្រពន្ធពិតប្រាកដនៅឡើយទេ។
ដើម្បីក្លាយជាប្ដីប្រពន្ធពេញច្បាប់ លុះត្រាអ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍អនុលោមទៅតាមច្បាប់ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងតើការចុះសំបុត្រអាពាហ៍មានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ប្ដីប្រពន្ធ?
បើតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការប្រើប្រាស់សំបុត្រអាពាហ៍ពិពាហ៍ មានប្រយោជន៍ ១២ យ៉ាងខាងក្រោមនេះ ៖
១. ជាប្ដីប្រពន្ធស្របតាមផ្លូវច្បាប់ដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួនឡើយ
២. ទ្រព្យសម្បត្តិរួមក្រោយអាពាហ៍ពិពាហ៍ ត្រូវចែកគ្នាស្នើ នៅពេលលែងលះ
៣. កាន់តែមានសុភមង្គល និងជឿទុកចិត្តគ្នា ពេលមានសំបុត្រអាពាហ៍ពិពាហ៍
៤. ទទួលមរតកស្របច្បាប់
៥. ចុះសំបុត្រកំណើត ឬបញ្ជាក់សំបុត្រកំណើតកូន
៦. ធ្វើប្លង់ដី/ផ្ទះ
៧. ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
៨. ការពារប្រឆាំង នឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើន ឬមានប្រពន្ធច្រើន)
៩. ជួយការពារទ្រព្យសម្បត្តិរួមរបស់ប្ដី/ប្រពន្ធ
១០. ទទួលអាហារកិច្ចពេលឪពុក ម្ដាយ លែងលះគ្នា
១១. គ្មានអំពើហិង្សាចំពោះកូន
១២. ការគាំទ្រដល់កូន ៕