ជីវិតថ្លៃណាស់! ជាប់ក្រោមថ្មអស់ ៦ ថ្ងៃ អត់ស្រែកយំសោះ ទារកអាយុ ២ ខែ ត្រូវគេសង្គ្រោះបានយ៉ាងរំជួលចិត្ត
អស់រយៈពេលមួយសប្ដាហ៍ហើយ ដែលគ្រោះរញ្ជួយដីនៅតួកគី-ស៊ីរី បានកើតឡើង ហើយបានឆក់យកជីវិតមនុស្សជាង ៣៤ ០០០ នាក់ ដែលត្រូវបានគេចាត់ទុកថាជាគ្រោះធម្មជាតិធំបំផុតប្រចាំប្រវត្តិសាស្ត្រ ដោយយោងតាមការបញ្ជាក់សារព័ត៌មាន CNN។
មកទល់ពេលនេះការបន្ដរុករកអ្នករស់រានមានជីវិតក្រោមគំនរអគារដួលរលំនៅតែបន្ដធ្វើឡើង បើទោះបីជាសង្ឃឹមនៃការរស់រានហាក់មានតិច ព្រោះតែអស់រយៈពេលជាច្រើនថ្ងៃមកហើយក្តី។
យ៉ាងណាមិញថ្មីៗនេះ គេបានរកឃើញទារកវ័យ ២ ខែម្នាក់ ដែលមានអាយុជីវិតថ្លៃ ដោយបានជាប់ក្រោមគំនរអគារជាង ១៤៤ ម៉ោង ហើយនៅរស់រានមានជីវិត ជាពិសេសទារករូបនេះពុំមានយំ ឬស្រែកអ្វីទាំងអស់។ បច្ចុប្បន្នក្មេងតូចរូបនេះត្រូវបានបញ្ជូនទៅក្រុមគ្រូពេទ្យដើម្បីត្រួតពិនិត្យសុខភាព ប៉ុន្ដែគេមិនទាន់ដឹងពីដំណឹងរបស់ឪពុកម្ដាយក្មេងថានៅរស់ ឬ ស្លាប់នោះឡើយ៕