ចូលរួមត្រេកអរ! ទីបំផុតដូនចាស់អាយុជាង ៩០ ឆ្នាំ ត្រូវចៅមកទទួលយកទៅផ្ទះឯភ្នំពេញវិញហើយ
នៅរសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ តាមរយៈផេក លោកស្រី សុខ ស៊ីថា ស្មៀនសង្កាត់លេខ ១ បានបង្ហោះរូបភាពដូនចាស់អាយុជាង ៩០ ឆ្នាំ ឈ្មោះ ឈុន ឡៃគើន បានរៀបចំឡើងឡានទៅជាមួយចៅប្រុស ព្រមទាំងបានបញ្ជាក់បែបនេះថា ៖ «ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ សូមចូលរួម ត្រេកអរផងលោកយាយ ជីដូនអាយុ ៩៣ ឆ្នាំ ត្រូវបានចៅមកទទួលយកទៅដល់ផ្ទះវិញហើយ»។
ទាក់ទិនទៅនឹងករណីលោកយាយនេះដែរ កាលព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះជួបសួរសុខទុក្ខ និង ឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយនៅមណ្ឌលបុរីកុមារ ខេត្តព្រះសីហនុផ្ទាល់ បន្ទាប់ពីផ្ទុះរឿងថាលោកយាយត្រូវកូនចៅបោះបង់ចោល ហើយជាមួយគ្នានោះឯកឧត្តម គួច ចំរើន ក៏បានសាកសួរព័ត៌មានខ្លះៗផងដែរ។
គ្រានោះ បើតាមការបញ្ជាក់ពីខាងរដ្ឋបាលខេត្ត មូលហេតុដែលលោកយាយ ឈុន ឡៃគើន បានចេញពីផ្ទះនៅម្តុំឈូកវ៉ាភ្នំពេញ មកដល់ខេត្តព្រះសីហនុ តាមឡានឈ្នួលកាលពីយប់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣ គឺមានបំណងស្វែងរកដំណោះស្រាយវិវាទរឿងដីធ្លីក្នុងក្រុមគ្រួសារពីមុន មិនមែនវង្វេងផ្ទះ ឬ កូនចៅបោះបង់ចោលទេ។
ជាមួយគ្នានេះ តាមរយៈការសម្របសម្រួលពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ លោកយាយ ឈុន ឡៃគើន ក៏បានយល់ព្រមត្រឡប់ទៅផ្ទះនៅម្តុំឈូកវ៉ា ភ្នំពេញវិញ ចំណែករឿងវិវាទផ្ទាល់ខ្លួនលោកយាយពាក់ព័ន្ធដីធ្លីយ៉ាងណានោះ នឹងបន្តដោះស្រាយតាមក្រោយដោយផ្អែកលើនិតិវិធីច្បាប់៕