ព្រះអើយ! អង្គការ WHO ព្រមាន អ្នករស់រាននៅតួកគី-ស៊ីរី អាចប្រឈមនឹងជួបគ្រោះមហន្តរាយទី ២
អង្គការ WHO បានចេញការព្រមានដល់អ្នកដែលនៅរស់រានក្រោយហេតុការណ៍រញ្ជួយដីនាប្រទេសតួកគី និង ស៊ីរី ដែលពួកគេកំពុងប្រឈមនឹងជួបគ្រោះមហន្តរាយទី ២ ស្របពេលស្ថានភាពនៅជុំវិញនោះហាក់កាន់តែអាក្រក់ទៅ។
តាមការបញ្ជាក់ពីប្រធានផ្នែកឆ្លើយតបគ្រោះរញ្ជួយដីប្រចាំអង្គការ WHO លោក Robert Holden បានរៀបរាប់ថា ៖ «អ្នកនៅមានជីវិតជាច្រើនគឺនៅប្រមូលផ្ដុំគ្នានៅបរិយាកាសខាងក្រៅ ក្នុងស្ថានភាពអាក្រក់ខ្លាំង។ ការផ្គត់ផ្គង់ទឹក ប្រេង ភ្លើង និង ការទំនាក់ទំនងនានាត្រូវបានកាត់ផ្ដាច់។ ពួកគេគឺកំពុងប្រឈមនឹងគ្រោះមហន្តរាយទី ២ ដែលអាចប៉ះពាល់ជីវិតមនុស្សច្រើនជាងគ្រោះមហន្តរាយមុនទៅទៀត»។
គួរឱ្យដឹងថា អ្នកដែលនៅរស់រានក្នុងតំបន់ដែលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅតួកគី និង ស៊ីរី គឺកំពុងប្រឈមបញ្ហាខ្លាំងជាមួយនឹងអាកាសធាតុដ៏ត្រជាក់។ ជាក់ស្ដែង ក្នុងទីក្រុង Aleppo ប្រទេសស៊ីរី សីតុណ្ហភាពក្នុងសប្ដាហ៍នេះ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះដល់ -២ ទៅ -៣ អង្សាសេ។
គួររំឭកផងដែរថា គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតួកគី និង ស៊ីរី គឺបានកើនឡើងដល់ ២១ ០៥១ នាក់ហើយ ដោយក្នុងប្រទេសតួកគីមានចំនួន ១៧ ៦៧៤ នាក់ និង នៅស៊ីរីមានចំនួន ៣ ៣៧៧ នាក់៕