ឆ្កែឈឺយកទៅពេទ្យសត្វចាក់ថ្នាំ តែរំលងបាន ១ យប់ឆ្កែក៏ង-ា.ប់ លេងគុំពេទ្យក្នុងចិត្តសងសឹកវិញ ដោយវិធីនេះ
ថ្មីៗនេះ មានរឿងរ៉ាវរបស់ស្ត្រីម្នាក់ ដែលដល់ថ្នាក់យកទឹកអាស៊ីតទៅជះលើគ្រូពេទ្យសត្វ ក្រោយគុំរឿងធ្វើឱ្យឆ្កែខ្លួនស្លាប់ បាន និង កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលហួសចិត្តជាខ្លាំង។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសថៃ ដែលតាមព័ត៌មានបានឱ្យដឹងថា ស្រ្តីជាម្ចាស់ឆ្កែបានយកសត្វឆ្កែរបស់ខ្លួនទៅព្យាបាលនៅគ្លីនិកសត្វមួយកន្លែង ដែលខាងពេទ្យនៅទីនោះបានចាក់ថ្នាំឱ្យឆ្កែរបស់នាងមួយម្ជុល ហើយនាងបានឱ្យនាំឆ្កែមកចាក់ម្តងទៀត តែនាងគ្មានប្រាក់គ្រប់ទើបពេទ្យសម្រេចមិនចាក់ឱ្យទេ ព្រមទាំងឱ្យនាងនាំឆ្កែទៅផ្ទះវិញ។
ស្រាប់តែរំលងបានត្រឹមមួយយប់ ឆ្កែរបស់នាងបានស្លាប់ នាងបានខឹងជាខ្លាំង ព្រោះគិតថាជាកំហុសរបស់ពេទ្យសត្វ ទើបនាងខលទៅតវ៉ាពេទ្យជាច្រើនដង ហើយបានបង្ហោះបរិហាក្តេរ្តិ៍ខាងពេទ្យនៅតាមបណ្តាញសង្គម រហូតដល់ខាងគ្លីនិកទ្រាំមិនបាន ក៏ដាក់ពាក្យបណ្តឹងប្តឹងនាង ក្នុងករណីបរិហារកេរ្តិ៍។ យ៉ាងណាមិញ នាងបានគេចដីការកោះហៅ រហូតដល់ថ្នាក់ប៉ូលិសតាមចាប់ខ្លួន នាងក៏បានធានាខ្លួនចេញមកវិញ តែនាងរឹតតែព្រហើនបែរជាទៅគំរាមគ្លីនិក រហូតដល់គេដាក់បណ្តឹងមួយករណីទៀត។
ដោយឡែក នៅថ្ងៃកើតហេតុ ខាងគ្លីនិកបានបញ្ជូនអ្នកគ្រូពេទ្យម្នាក់មកជាតំណាងដើមបណ្តឹង ហើយខាងស្រ្តីជាម្ចាស់ឆ្កែ ឃើញហើយក៏កើតការមួម៉ៅប្រវាយប្រតប់ទៅកាន់អ្នកគ្រូពេទ្យនោះ ហើយអ្វីនឹកស្មានមិនដល់ គឺនាងទាញដបទឹកអាស៊ីតដែលលាក់មកជះទៀតផង ធ្វើឱ្យរបួសរហូត ៣ នាក់ មានទាំងអាជ្ញាធរ និង អ្នកគ្រូពេទ្យ។ យ៉ាងណាមិញ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ រីឯស្រ្តីជាជនបង្កក៏ត្រូវបានគេឃាត់ខ្លួនផងដែរ៕