សណ្ឋាគារមួយនៅហ្វីលីពីន ប្រកាសឱ្យច្បាប់ ៥ ថ្ងៃ ដល់បុគ្គលិកទើបបែកស្នេហា ដើម្បីធ្វើចិត្តរឹងមាំឡើងវិញ
ពិតណាស់ វាអាចនឹងពិបាកទ្រាំក្នុងការបំពេញការងារធ្វើដូចធម្មតា នៅពេលដែលយើងកំពុងជួបប្រទះការបែកបាក់ស្នេហានោះ។ អារម្មណ៍ពេលនោះ គឺយើងចង់នៅម្នាក់ឯង យំឱ្យអស់ចិត្ត រកពេលរំសាយចិត្ត ទម្រាំអាចធ្វើចិត្តបាន។
ដោយយល់ពីស្ថានភាពរបួសផ្លូវចិត្តទាំងនេះហើយ ទើបសណ្ឋាគារមួយកន្លែងនាក្រុង Cebu ប្រទេសហ្វីលីពីន បានសម្រេចចិត្តផ្ដល់ច្បាប់ដ៏ថ្មីប្លែកមួយ ទៅដល់បុគ្គលិកដែលជួបប្រទះបញ្ហាប្រេះឆាស្នេហា។ តាមការចេញផ្សាយពីព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ម្ចាស់សណ្ឋាគារ Cebu Century Plaza Hotel បានផ្ដល់ច្បាប់ឈប់សម្រាកចំនួន ៥ ថ្ងៃដល់បុគ្គលិកណាដែលជួបការបែកបាក់ស្នេហា។
តាមរយៈការបង្ហោះលើហ្វេសប៊ុកផេកនៃសណ្ឋាគារបានរៀបរាប់ថា៖ «វាមិនមែនងាយស្រួលទេដែលត្រូវគេទុកចោលបែបនេះ។ យ៉ាងហោចណាស់ យើងអាចជួយឱ្យពួកគេកាត់ចិត្តបាន»៕