ចង់បរិច្ចាគសម្ភារប្រើប្រាស់ សម្លៀកបំពាក់ ដល់ប្រជាជនតួកគីកំពុងរងគ្រោះ អាចយកទៅបរិច្ចាគនៅស្ថានទូតតួកគីបាន
ស្ថានទូតតួកគី ប្រចាំនៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ ម្សិលមិញនេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋតួកគី និង កម្ពុជា ដែលមានបំណងចង់បរិច្ចាគកញ្ចប់ជំនួយដល់ជនរងគ្រោះ ដោយគ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លានៅតួកគី គឺអាចនាំយកកញ្ចប់របស់ពួកអ្នកទៅកាន់ស្ថានទូត ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ ១-៣ ផ្លូវ ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងអំឡុងពេលម៉ោងធ្វើការ។ សម្រាប់កញ្ចប់ដែលត្រូវដឹកជញ្ជូននៅម៉ោងមិនធ្វើការ សូមទាក់ទងមកជាមុនតាមរយៈ +855 12 464 051។
ទន្ទឹមនោះ ស្ថានទូតតួកគីនៅភ្នំពេញ ក៏នឹងបើកសៀវភៅរំលែកទុក្ខដល់អ្នកនៅកម្ពុជា និង ពលរដ្ឋតួកគី ដែលចង់សរសេរសាររំលែកទុក្ខ អាចទៅកាន់ស្ថានទូតនៅថ្ងៃសុក្រទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ចន្លោះពីម៉ោង ១០ៈ០០ ដល់ ១២ៈ០០ ដល់ ១៤ៈ០០ – ១៨ៈ០០។
គួរឱ្យដឹងផងដែរថា សោដនាកម្មរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ នៅប្រទេសតួកគី និង ស៊ីរី គិតមកទល់ពេលនេះ មានរយៈពេល ៤ ថ្ងៃទៅហើយ ដោយបានបានឆក់យកជីវិតមនុស្សម្នាអស់ជាង ២០ ០០០ នាក់ ព្រមទាំងរបួសជាងរាប់ម៉ឺននាក់ទៀតឯណោះ ស្របពេលដែលអ្នកសង្រ្គោះ បានកំពុងតែខំប្រតិបត្តិការណ៍មិនស្រាកស្រាន្ត ក្នុងការជួយសង្រ្គោះជីវិតជច្រើនទៀត នៅក្រោមកម្ទេចសំណង់អគារ គួរឱ្យសង្វេគ៕