ក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ធំជាងគេបង្អស់របស់ Addidas បានប្ដូរផលិតកម្មចេញពីប្រទេសចិន មកកម្ពុជា
តាមការចុះផ្សាយពី Yicai Global ថ្មីៗនេះបានបង្ហាញថា កម្ពុជា បានក្លាយជាទីតាំងផលិតសម្លៀកបំពាក់ដ៏ធំបំផុតសម្រាប់ក្រុមហ៊ុន Adidas ដោយបានវ៉ាដាច់ប្រទេសចិន ខណៈដែលក្រុមហ៊ុនសម្លៀកបំពាក់កីឡាយក្សរបស់អាល្លឺម៉ង់នេះបានងាកមកអាស៊ីអាគ្នេយ៍វិញ ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ខ្លួនវិញ។
នាយកប្រតិបត្តិថ្មីរបស់ Adidas នឹងត្រូវដោះស្រាយបញ្ហាលំបាកមួយចំនួននៃការផលិតនៅក្នុងប្រទេសចិន និង ទីផ្សារចិន ដែលការលក់កំពុងមានការធ្លាក់ចុះ។ បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលមានទីតាំងនៅទីក្រុង Bavaria បានឱ្យដឹងថា ប្រទេសកម្ពុជា បានផលិតសម្លៀកបំពាក់កីឡាចំនួន ២១ ភាគរយ នៅឆ្នាំ ២០២១ ខណៈដែលប្រទេសចិន មានត្រឹម ២០ ភាគរយ និង ប្រទេសវៀតណាម ១៥ ភាគរយ។ យ៉ាងណាមិញ កាលពីឆ្នាំ ២០១៣ ប្រទេសចិន ជាអ្នកផលិតធំជាងគេដែលមានដល់ទៅ ៣៣ ភាគរយ ខណៈឥណ្ឌូនេស៊ី មាន ១១ ភាគរយ និង ប្រទេសវៀតណាម ១០ ភាគរយ។
មិនតែប៉ុណ្ណោះ នៅក្នុងប្រទេសចិន ការលក់របស់ Adidas ក៏កំពុងធ្លាក់ចុះរយៈពេលប្រាំមួយត្រីមាសជាប់ៗគ្នា ដោយសារជំងឺរាតត្បាតកូវីដ-១៩ ព្រមជាមួយនឹងការផ្លាស់ប្តូរចំណូលចិត្តរបស់អ្នកប្រើប្រាស់ និង ការប្រកួតប្រជែងទីផ្សារដ៏តឹងតែង បណ្ដាលឱ្យក្រុមហ៊ុន adidas លើកឡើងកាលពីចុងឆ្នាំ ២០២២ ថាខ្លួននឹងកាត់បន្ថយចំនួនហាងនៅក្នុងប្រទេសចិន ពី ១២ ០០០ មក ៨ ០០០ ហាងវិញ។
ដោយឡែក Shenzhou International Group Holdings ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតមួយរបស់ Adidas ក៏កំពុងសាងសង់រោងចក្របន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា និង វៀតណាម ហើយក្រុមហ៊ុនផលិតស្បែកជើង Huali Industrial Group ក៏បាននឹងធ្វើឱ្យអាស៊ីអាគ្នេយ៍ក្លាយជាទីតាំងផលិតកម្មដ៏សំខាន់មួយផងដែរ។
គួរបញ្ជាក់ដែរថា អ្នកចូលមកកាន់តំណែងជំនួសអតីតជាយកប្រតិបត្តិលោក Kasper Rorsted ដែលបានលាលែងពីតំណែងរបស់លោកមុនកាលកំណត់នៅដើមឆ្នាំនេះ នឹងត្រូវធ្វើយ៉ាងណាឱ្យការធ្លាក់ចុះក្នុងទីផ្សារប្រទេសចិនកើនឡើងវិញ៕
ប្រភព ៖ Yicai Global