ធ្លាយការពិតនៅពីក្រោយ រឿងដូនចាស់វ័យជាង ៩០ ឆ្នាំ ល្បីថាកូនចៅបោះបង់ចោលនៅព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ បានបញ្ជាក់លម្អិតបន្ថែមទៅលើករណីដូនចាស់វ័យជាង ៩០ ឆ្នាំមួយរូប ដែលកំពុងផ្ទុះល្បីលើបណ្ដាញសង្គមដោយមានការសង្ស័យថាជាករណីវង្វេងផ្ទះ ឬ កូនចៅបោះបង់ចោល ជាដើម។
ទាក់ទិនទៅនឹងរឿងនេះដែរ កាលព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានចុះជួបសួរសុខទុក្ខ និង ឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុជាង ៩០ ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និង ពិការជើង ដែលល្បីវង្វេងផ្ទះនោះ នៅមណ្ឌលបុរីកុមារ ខេត្តព្រះសីហនុផ្ទាល់ និង ដើម្បីសាកសួរព័ត៌មានខ្លះៗ។
យ៉ាងណាមិញ ខាងរដ្ឋបាលខេត្តបានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលលោកយាយ ឈុន ឡៃគើន បានចេញពីផ្ទះនៅម្តុំឈូកវ៉ាភ្នំពេញ មកដល់ខេត្តព្រះសីហនុ តាមឡានឈ្នួលកាលពីយប់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣ គឺមានបំណងស្វែងរកដំណោះស្រាយវិវាទរឿងដីធ្លីក្នុងក្រុមគ្រួសារពីមុន មិនមែនវង្វេងផ្ទះ ឬ កូនចៅបោះបង់ចោលទេ។
ជាមួយគ្នានេះ តាមរយៈការសម្របសម្រួលពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ ពេលនេះលោកយាយ ឈុន ឡៃគើន បានយល់ព្រមត្រឡប់ទៅផ្ទះនៅម្តុំឈូកវ៉ា ភ្នំពេញវិញហើយ ចំណែករឿងវិវាទផ្ទាល់ខ្លួនលោកយាយពាក់ព័ន្ធដីធ្លីយ៉ាងណានោះ នឹងបន្តដោះស្រាយតាមក្រោយដោយផ្អែកលើនិតិវិធីច្បាប់ ក្នុងនោះរដ្ឋបាលខេត្តនឹងចាត់ចែងមន្ត្រីរៀបចំដឹកជញ្ជូនលោកយាយទៅដល់ផ្ទះ៕