ទារក ១៦ នាក់ ត្រូវបានសង្គ្រោះពីក្នុងគ្រោះរញ្ជួយដីនៅតួកគី មិនស្គាល់ឈ្មោះ បាត់ឪពុកម្តាយ គួរឱ្យអាណិតណាស់
គិតមកទល់ពេលនេះ មានរយៈពេល ៤ ថ្ងៃទៅហើយ ដែលប្រទេសតួកគី និង ស៊ីរី បានប្រទះសោដនាកម្មរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ ដែលបានឆក់យកជីវិតមនុស្សម្នាអស់ជាង ២០ ០០០ នាក់ ព្រមទាំងរបួសជាងរាប់ម៉ឺននាក់ទៀត។
យ៉ាងណាមិញ អ្នកសង្រ្គោះបានកំពុងតែខំប្រតិបត្តិការមិនស្រាកស្រាន្ត ក្នុងការជួយសង្រ្គោះជីវិតជច្រើនទៀតនៅក្រោមកម្ទេចសំណង់អគារ។ អ្វីដែលរឹតតែធ្វើឱ្យខ្លោចចិត្តទៅទៀតនោះ មនុស្សជាច្រើនត្រូវបែកពីគ្រួសារ បាត់បងប្អូនកូនចៅ មិនដឹងស្លាប់ ឬ រស់នោះទេ ជាពិសេសគឺក្មេងតូចៗ ដែលត្រូវបែកពីឪពុកម្តាយ អាណាព្យាបាល។
ជាក់ស្តែង ក្នុងហេតុការណ៍មួយនេះ តាមព័ត៌មានបានឱ្យដឹងថា មានទារកចំនួន ១៦ នាក់ ដែលមានអាយុពី ៦ ថ្ងៃ ទៅ ១ ឆ្នាំ មានសំណាង ត្រូវបានគេជួយសង្រ្គោះចេញពីសំណង់អគារ នៅទីក្រុង Kahramanmaras បានយ៉ាងសុវត្ថិភាព។
ដោយឡែក អត្តសញ្ញាណរបស់ពួកគេ មិនត្រូវបានគេស្គាល់នោះទេ ពោលគឺពួកគេបានបែកចេញពីឪពុកម្តាយ ដែលមិនដឹងថានៅមានជីវិតរស់នៅឬយ៉ាងណាឡើយ។ ទារកទាំង ១៦ នាក់នេះ ត្រូវបានអាជ្ញាធរដាក់ឈ្មោះឱ្យដោយសរសេរនៅលើថ្ងាសរបស់ពួកគេ ហើយមានស្រ្តីជាច្រើនមកពីក្រសួងសេវាកម្មសង្គមមកជួយមើលថែ ព្រមទាំងនាំយកតាមរយៈយន្តហោះទៅកន្លែងសុវត្ថិភាព នៅទីក្រុង Ankara វិញ ដើម្បីចិញ្ចឹមថែរក្សាបណ្តោះអាសន្ន។ យ៉ាងណាមិញ ខាងគ្រូពេទ្យក៏បានពិនិត្យមើលសុខភាពរបស់ទារកទាំងនេះផងដែរ ឃើញថាពួកគេមានមិនមានរបួសប៉ះពាល់ត្រង់ណាឡើយ ដែលពិតជាសំណាងណាស់៕