មកដល់ពេលនេះ អ្នកបាត់បង់ជីវិតដោយរញ្ជួយដីនៅតួកគី-ស៊ីរី កើនដល់ជាង ២១០០០ នាក់ហើយ
ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅប្រទេសតួកគី និង ស៊ីរីនោះ ឥលូវនេះ បានកើនឡើងរហូតដល់ជាង ២១ ០០០ នាក់ហើយ ខណៈក្រុមអ្នកសង្គ្រោះនៅតែបន្តរុករកសង្ឃឹមរកឃើញអ្នកដែលនៅរស់រានមានជីវិត។
បើតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ ក៏ដូចជាបុគ្គលិកពេទ្យ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនាប្រទេសតួកគី បានកើនដល់ ១៧ ៦៧៤ នាក់ និង ប្រទេសស៊ីរី កើនឡើងដល់ ៣ ៣៧៧ នាក់។
បើគិតមកត្រឹមថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ រយៈពេល ៤ ថ្ងៃមកហើយ ក្រោយសោកនាដកម្មគ្រោះធម្មជាតិដ៏កំណាចមួយនេះ វាយប្រហារលើប្រទេសតួកគី និង ស៊ីរី ហើយក្រុមអ្នកសង្គ្រោះ នៅតែប្រឹងប្រែងមិនខ្វល់ការនឿយហត់ ស្វះស្វែងរុករកយ៉ាងសកម្មបំផុត ដើម្បីអាចសង្គ្រោះអ្នកដែលនៅមានជីវិតក្រោមគំនរអគារដែលបាក់រលំ៕