តូចចិត្តតិចអី! ខំទិញឡាន surprise ខួបកំណើតកូន តែកូនបែរមិនពេញចិត្ត ព្រោះឡានខុសម៉ាកដែលចង់បាន
ថ្មីៗនេះ មានរឿងរ៉ាវរបស់ក្មេងស្រីវ័យជំទង់ម្នាក់ បានធ្វើឱ្យមានការហួសចិត្តពេញបណ្តាញសង្គម Tiktok ដែលនាងត្រូវបានម្តាយ ពញ្ញាក់អារម្មណ៏ថ្ងៃខួបកំណើតគម្រប់អាយុ ១៦ ឆ្នាំ ដោយទិញសុទ្ធតែឡាន និង ថែមទាំងឱ្យលុយទៀត តែនាងបែរជាមិនពេញចិត្ត ហើយម៉ួម៉ៅតូងតាងទៅវិញ។
បើតាមវីដេអូបានបង្ហាញឱ្យឃើញថា ស្រ្តីជាម្តាយ បាននឹកឃើញឱ្យកាដូខួបកំណើតទៅកូនស្រី អាយុ ១៦ ឆ្នាំ ជាឡានមួយគ្រឿងម៉ាក Tesla ពណ៌ខ្មៅ ព្រមទាំងលុយសុទ្ធចំនួន ១៦០០ ដុល្លារបន្ថែម។
យ៉ាងណាមិញ នាងបានចងបិទភ្នែកកូនស្រី ដើម្បីឱ្យមានភាពភ្ញាក់ផ្អើល តែខណៈបើកភ្នែកមក ស្រាប់តែនាងបែរជាម៉ួម៉ៅឡាំប៉ា ស្រែកឡូឡាថា នាងមិនពេញចិត្តឡានម៉ាកនេះឡើយ នាងចង់បានឡាន Mercedes Benz ឯណោះវិញ ហើយចំណែកចំនួនលុយនាងក៏មិនចង់បានដែរ ព្រោះវាតិចពេក មិនគ្រាន់សម្រាប់ជប់លៀងឆ្លងខួបកំណើតឡើយ។
ដោយឡែក សកម្មភាពមួយនេះ បានធ្វើឱ្យស្រ្តីជាម្តាយហាក់កើតការអន់ចិត្តខ្លាំងណាស់ ដែលខ្លួនខំប្រឹងធ្វើការរកលុយមកបំពេញបំណងកូន តែនាងបែរជាមិនពេញចិត្តបែបនេះ។ ចំណែក មហាជននៅតាមបណ្តាញសង្គម ក៏មានការមិនពេញចិត្តចំពោះអត្តចរិតរបស់កូនស្រីរូបនេះដូចគ្នា ដែលមិនចេះយល់កម្លាំងញើសឈាមរបស់ម្តាយសោះ៕