ក្រោយផ្ទុះរឿងដូនចាស់វ័យ ៩៥ ឆ្នាំ ត្រូវកូនចៅបោះបង់ ពេលនេះអភិបាលខេត្តចុះសួរសុខទុក្ខដូនចាស់យ៉ាងកក់ក្តៅ
តាមរយៈផេកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន នៅរសៀលថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានចុះសួរសុខទុក្ខលោកយាយវ័យ ៩៥ ឆ្នាំ ដែលវង្វេងសាច់ញាតិ ព្រមទាំងបានបញ្ជាក់បែបនេះថា ៖ «សីលធម៌ គុណធម៌ សប្បុរសធម៌ មនុស្សគ្រប់គ្នា សុទ្ធតែអះអាងថាខ្លួនមាន។ តែសម្រាប់លោកយាយ នៅឯណា? លោកយាយ ឈុន ឡៃគើន មានអាយុ ៩៥ ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និងពិការជើងជាជនចាស់ជរាដែលវង្វេងផ្ទះ បច្ចុប្បន្នលោកយាយស្នាក់នៅ មណ្ឌលបុរីកុមារ ខេត្តព្រះសីហនុ បណ្ដោះអាសន្នសិន»។
គួរឱ្យដឹងផងដែរថា នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាភ្ញាក់ផ្អើល ក្រោយបានដឹងករណីដូនចាស់វ័យជាង ៩០ ឆ្នាំមួយរូប ដើរមិនរួច ជិះតែលើរទេះរុញ អះអាងថាត្រូវកូនចៅបោះបង់ចោល ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ទាក់ទិនទៅនឹងករណីនេះ បើតាមការឱ្យដឹងពីផេក ប្រជាជនខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយទទួលបានករណីនេះ អាជ្ញាធរក៏បានមានចំណាត់ការ និង បានព្យាយាមទូរសព្ទ័តាមលេខដែលមានជាប់នឹងខ្លួនលោកយាយ ស្វះស្វែងរកសាច់ញាតិ តែមិនទទួលជោគជយ័ និង មិនឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ។ ជាមួយគ្នានោះ ដូនចាស់វ័យ ៩០ ឆ្នាំ ក៏ត្រូវបានខាងអាជ្ញាធរ សហការណ៍នឹងសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកដូនចាស់ទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែ និង ប្រាក់ម្ហូបអាហារ។
យ៉ាងណាមិញ តាមរយៈប្រភពខាងលើ ករណីនេះ នៅមិនទាន់អាចសន្មតបានថាជាករណីកូនចៅយកមកបោះបង់ ឬយ៉ាងណាឱ្យច្បាស់លាស់នៅឡើយទេ ដោយពេលនេះខាងអាជ្ញាធរនៅតែបន្តរង់ចាំសាច់ញាតិកូនចៅមកបញ្ជាក់បន្ថែម៕