អុជធូបបន់មេឃបន់ដី! ដេកលក់មិនដឹងខ្លួន គេចូលផ្ទះលួចបីកូនតូចទៅបាត់ ៤ ថ្ងៃរកមិនឃើញ
កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវរបស់នារីជាម្តាយម្នាក់ បានធ្វើឱ្យមានការភ្ញាក់ផ្អើលបារម្ភជាខ្លាំង ក្រោយសុខៗនាងបានបាត់កូនប្រុសអាយុត្រឹម ៨ ខែ មកជាង ៤ ថ្ងៃហើយ នៅតែមិនទាន់រកឃើញ។
រឿងរ៉ាវមួយនេះ បានកើតឡើងនាខេត្តណាក់ខនប៉ាក់ធុម ប្រទេសថៃ ដែលស្រ្តីជាម្តាយមានវ័យ ១៦ ឆ្នាំ បានរៀបរាប់ឱ្យដឹងថា កូនប្រុសរបស់ខ្លួន បានបាត់ទៅតាំងពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ មកម្ល៉េះ។
ហើយនៅថ្ងៃកើតហេតុនោះ នាង និង ប្តី ព្រមជាមួយនឹងកូនប្រុសរូបនេះ បានដេកលក់នៅក្នុងបន្ទប់ជាមួយគ្នា ស្រាប់តែនាងមានអារម្មណ៍ថា មាននរណាម្នាក់បានចូលមកបីកូនយកទៅ នាងក៏បានស្ទុះភ្ញាក់ឡើងមក ដើម្បីតាមរកកូន ដំបូងៗឡើយមិនសូវបារម្ភព្រោះស្មានតែមានអ្នកជិតខាងបីយកទៅលេង តែមកទល់ពេលនេះហើយ នៅតែរកមិនឃើញនោះទេ ដែលនាងពិតជាពិបាកចិត្តបារម្ភជាខ្លាំង ខ្លាចកូនមានគ្រោះថ្នាក់ ខ្លាចមានគេបីយកទៅបោះចោល។
យ៉ាងណាមិញ ហេតុការណ៍មួយនេះ ក៏មានខាងអាជ្ញាធរចុះមកអន្តរាគមន៍ផងដែរ គេបានដាក់ការសន្និដ្ឋានសង្ស័យ សួរនាំទៅលើអ្នកជិតខាងនៅក្បែរនោះ ព្រមទាំងបន្តការស្វែងរកក្មេងតូចតាមវិធីជាច្រើនទៀត តាមតែអាចធ្វើទៅបាន។ ដោយឡែក ឪពុកម្តាយបានតែសម្រក់ទឹកភ្នែក បន់មេឃបន់ដី សុំឱ្យឆាប់រកកូនឃើញ សូមឱ្យកូនមានសុវត្ថិភាព។ ចំណែក មហាជនវិញ ក៏សង្ឃឹមថាក្មេងនឹងត្រូវរកឃើញឆាប់ៗនេះផងដែរ៕