រៀបការជំនាន់ចាប់គូ ពេលរកស៊ីមានបាននៅវ័យជាង ៦០ ឆ្នាំ រៀបការធំដុំម្ដងទៀត ផ្អើលភូមិនៅក្រចេះ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ ទៅលើគូស្វាមីភរិយាមួយគូ ដែលកូនកំលោះមានអាយុ ៦៦ ឯកូនក្រមុំមានអាយុ ៦៤ ឆ្នាំ ទើបរៀបអាពាហ៍ពិពាហ៍ថ្មីៗ ទទួលផ្កាស្លាលើកដំបូង នៅស្រុកឆ្លូង ទឹកដីខេត្តក្រចេះ។
ទាក់ទិនទៅនឹងរឿងនេះ នៅរសៀលថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ តាមរយៈគណនីហ្វេសប៊ុកផេក នាយ ពាក់មី បានបង្ហោះវីដេអូជាង ៣ នាទី បង្ហាញពីទិដ្ឋភាពពិធីមង្គលការមួយ ដែលកូនកំលោះកូនក្រមុំ និងអ្នកកំដរ សុទ្ធតែមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ដល់ ៦០ ឆ្នាំទៀតផង រៀបចំស្លៀកឈុតអាពាហ៍ពិពាហ៍ និង រៀបចំពិធីមង្គលការទៅតាមប្រពៃណីខ្មែរយើង។
បើតាមនាយពាក់មី បានរៀបរាប់ឱ្យដឹងថា ដើមឡើយគូស្វាមីភរិយាខាងលើត្រូវបានផ្សំផ្គុំឡើងនៅសម័យខ្មែរក្រហមតាមបែបចាប់គូ លុះរួមរស់រហូតមានទ្រព្យសម្បត្តិក៏សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ព្រោងព្រាត ហើយសូម្បីតែ នាយ ពាក់មី ក៏លាន់មាត់ដែរថា ៖ «កាត់សក់ ១២ ឆ្នាំហើយ ទើបជួប ១ រោងនេះទេ»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖