(វីដេអូ) ចូលលាងចានលើកដំបូង មានអីនេនតូច ១ អង្គ គង់ក្នុងចានដែកលាងធ្វើព្រងើយ
កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ព្រះតេជគុណម្ចាស់គណនី Tiktok មានព្រះនាមថា «ចិត្ត ត្រជាក់» គង់នៅវត្ត ស្ពាន បានបង្ហោះវីដេអូមួយ បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានអ្នកចុចចូលទស្សនាជិត ២ លានដង ក្នុងរយៈពេលត្រឹមជាង ១ ថ្ងៃប៉ុណ្ណោះ។
អ្វីដែលធ្វើឱ្យអ្នកទស្សនា ចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺគេសង្កេតឃើញនេនតូច ១ អង្គបានគង់នៅក្នុងចានដែកផ្ទាល់ ដើម្បីលាងចាន ហើយថែមទាំងលាងយ៉ាងលឿន។ មិនតែប៉ុណ្ណោះ តេជគុណម្ចាស់គណនីបានភ្ជាប់ជាមួយនឹង Caption ថា ៖ «ប្រើលើកដំបូង» ដែលព្រះអង្គចង់មានន័យថា ប្រើឱ្យនេនតូច លាងចានជាលើកដំបូង ដូច្នេះហើយទើបក្លាយជាបែបនេះ។
ដោយឡែក បើក្រឡេកទៅមើលមតិអ្នកទស្សនាវិញ ពួកគេបានចូលទៅបញ្ចេញមតិប្លែកៗ លាយឡំជាមួយនឹងភាពអស់សំណើចជាច្រើនថា ៖ «កំពូលអ្នកលាងចានក្នុងពិភពលោក», «សើចខ្លាំងក្នុងចិត្តក៏បាបដដែល ចឹងករុណាសុំសើចឱ្យលះៗហើយ គង់តែបាបដដែល», «រកលាងចានអ៊ីចឹងដែរសិនក្រែងស្អាត», «ខំទប់កុំសើចខ្លាចបាប», «លេងគង់ក្នុងចានដែកចឹងម៉ង»។ល៕