គំរូមែន! ក្មេងចាស់ប្រុសស្រី អង្គុយតម្រៀបគ្នាអានសៀវភៅឥតគិតថ្លៃ ម្ដុំសួន ស ខេង ខេត្តបាត់ដំបង
អំណាន គឺជាវិធីសាស្ត្រដ៏សំខាន់ក្នុងការពង្រីកនូវចំណេះដឹង ព្រមទាំងពង្រឹងនូវសមត្ថភាពយុវជន ឱ្យក្លាយជាធនធានដ៏មានគុណភាព ជាចំណែកចូលរួមជាសសរទ្រូងកសាងប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនលូតលាស់។
ទន្ទឹមនឹងនោះ ការអានពុំចាំបាច់ត្រូវតែធ្វើឡើងក្នុងសាលារៀននោះឡើយ ដោយអ្នកអានអាចធ្វើឡើងជាទូទៅ នៅផ្ទះ ហាងកាហ្វេ ឬកន្លែងស្ងប់ស្ងាត់ណាមួយជាដើម។ ជាក់ស្ដែងថ្មីៗនេះ បើតាមការឱ្យដឹងពីផេក ផ្ទះអំណាន គន្ធី បានង្ហាញពីសកម្មភាពមនុស្សក្មេងចាស់ប្រុសស្រី នាំគ្នាអានសៀវភៅនៅសួនច្បារ ព្រមទាំងបញ្ជាក់ឱ្យបានដឹងថា ទាំងនោះគឺជាសកម្មភាពអានសៀវភៅឥតគិតថ្លៃនៅសួន ស ខេង ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលប្រិយមិត្តអាចអានដោយឥតគិតថ្លៃនៅទីនោះ រៀងរាល់ល្ងាចថ្ងៃសៅរ៍ ចាប់ពីម៉ោង ៥ រហូតដល់ម៉ោង ៧។
តាមរយៈសកម្មភាពដ៏ប្រពៃនេះ គេសង្កេតឃើញមានសប្បុរសជនមួយចំនួននាំគ្នាចូលរួមជំនួយជាថវិកា ក៏ដូចជាសៀវភៅ ដើម្បីលើកកម្ពស់ការអាននេះផងដែរ៕