កុំឆ្វេចឆ្វាច! ថ្ងៃ ១៤ កុម្ភៈ ក្រសួងចេញវិធានការ ៥ ទប់ស្កាត់ភាពមិនប្រក្រតី
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
ក្នុងនោះ ក្រសួងបានបញ្ជាក់ឱ្យដឹងថា ក្រសួងសង្កេតឃើញសិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ខណៈទិវានេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និង ក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និង ប្រពៃណីជាតិរបស់ខ្មែរ។
ដូច្នេះហើយ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងបានធ្វើការណែនាំ ដល់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ក្នុងឆ្នាំ ២០២៣ ដូចតទៅ៖
១. ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់។
២. ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការអប់រំសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
៣. ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។
៤. ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស សំដៅរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា។
៥. បន្តពង្រឹងការអនុវត្ត ស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖