ស្រូតៗណា! សាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ ប្រកាសផ្ដល់អាហារូបករណ៍ច្រើនមុខជំនាញ ១០០ %
សាកលវិទ្យាល័យ Chulalongkorn គឺជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ ១០០ ភាគរយពេញ សម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ ដែលមានជំនាញជាច្រើនឱ្យជ្រើសរើស ថែមទាំងមានផ្ដល់ប្រាក់ចាយវាយចំនួន ១៦០០០ បាតក្នុងមួយខែ និង រ៉ាប់រងទាំងថ្លៃធ្វើដំណើរពីកម្ពុជាទៅថៃទៀតផង។
អាហារូបករណ៍នេះមានលក្ខខណ្ឌចំនួន ២ គឺ ៖ រយៈពេល ២ ឆ្នាំ សម្រាប់បរិញ្ញាបត្រអនុបណ្ឌិត ដែលនឹងចាប់ផ្ដើមក្នុងខែសីហា ឆ្នាំ ២០២៣។ ចំណែកឯរយៈពេល ៣ ឆ្នាំ គឺសម្រាប់ថ្នាក់បណ្ឌិត ដែលឆមាសទីមួយនឹងចាប់ផ្ដើមក្នុងខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ។ រយៈពេលនៃអាហារូបករណ៍គឺមិនអាចបន្តបានទេ ហើយអ្នកទទួលបានអាហារូបករណ៍មិនបានអនុញ្ញាតឱ្យពន្យារពេលនៃការទទួលយកអាហារូបករណ៍នេះទេ ព្រមទាំងអ្នកទទួលមិនត្រូវបានអនុញ្ញាតឱ្យទទួលយកការងារក្រៅសាលាណាមួយនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលសិក្សាអាហារូបករណ៍ផងដែរ។
សម្រាប់អាហារូបករណ៍នេះ អ្នកចាប់អារម្មណ៍ត្រូវបំពេញពាក្យ ហើយផ្ញើឯកសារពាក់ព័ន្ធទាំងអស់ទៅតាមមហាវិទ្យាល័យនៃជំនាញ ដែលខ្លួនបានជ្រើសរើស។ ចំណែកឯកាលបរិច្ឆេទផុតកំណត់ទទួលពាក្យគឺ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣។ ចំពោះព័ត៌មានលម្អិតបន្ថែមអាចចូលទៅមើលគេហទំព័រ http://www.academic.chula.ac.th/search/search.asp និង ពាក្យសុំអាហារូបករណ៍អាចទាញយកបានតាមរយៈតំណ www.academic.chula.ac.th ។
គួរបញ្ជាក់ដែរថា សម្រាប់មុខជំនាញឱ្យជ្រើសរើសមានដូចជា ៖ Architecture, Arts, MBA, International Business, Accounting, Finance, Education, Marketing, Communication, Public Health, Dentistry, Economics, Engineering, Law, Medicine, Pharmacy, Psychology, Political Science, Computer Science, Teaching English, International Development, Environment, IR …។ល។