កម្ពុជា ជួយតួកគី ១ សែនដុល្លារ ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គោះជនរងគ្រោះដោយរញ្ជួយដី
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យបានដឹងថា ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និង ចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០ ០០០ (មួយសែន) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ការសម្រេចបរិច្ចាគវិភាគទានបែបនេះ ធ្វើឡើងក្រោយកម្ពុជាបានទទួលព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និង អ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ វ៉ិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣។
ចំពោះរឿងនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និង បានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និង ប្រជាជនតួកគី ជាពិសេសក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ធពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និង តំបន់នានាដែលរងផលប៉ះពាល់ សូមឆាប់ជាសះស្បើយ និង ត្រូវបានស្ដារឡើងវិញឆាប់រហ័ស៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖