ស្រណោះបំផុត! ស្ត្រីនៅស៊ីរី សម្រាលកូនចំពេលរញ្ជួយដី ម្ដាយត្រូវអស់បុណ្យ តែកូនសង្គ្រោះបានទាំងទងសុកមិនទាន់កាត់
ទារកទើបនឹងកើតម្នាក់ ត្រូវបានក្រុមសង្គ្រោះទាញចេញពីគំនរផ្ទះដែលរលំនាភាគខាងជើងប្រទេសស៊ីរី ទាំងមិនទាន់ដាច់ទងសុកពីសាកសពម្ដាយ ក្រោយជួបគ្រោះធម្មជាតិដ៏កំណាចកាលពីថ្ងៃទី ០៦ ខែកុម្ភៈ កន្លងទៅនេះ (ពេលវេលាក្នុងតំបន់)។
តាមសារព័ត៌មាន Unilad បានឱ្យដឹងថា ទារកដែលមានជីវិតថ្លៃរូបនោះ គឺជាកូនស្រី បានកើតនៅក្រោមគំនរអគារផ្ទះដែលបាក់រលំនោះតែម្ដង ខណៈពេលដែលក្រុមអ្នកសង្គ្រោះ បានព្យាយាមគាស់កកាយចូលទៅសង្គ្រោះស្ត្រីជាម្ដាយ។
ទោះជាយ៉ាងណា ជាអកុសល ពេលចូលទៅដល់ហើយ តែស្ត្រីរងគ្រោះជាម្ដាយមិនអាចសង្គ្រោះបាន តែជាអភូតហេតុ កូនស្រីដែលទើបនឹងកើតនៅចន្លោះជើងរបស់នាង គឺនៅមានដង្ហើម។ ភ្លាមៗ ក្រុមសង្គ្រោះក៏បានទាញទារកដ៏សំណាងរូបនោះ ចេញពីគំនរអគារ រួចរួសរាន់ប្រញាប់បញ្ជូនគេទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ម្ដាយរបស់ទារករូបនោះ អាចនឹងនៅដឹងខ្លួន អំឡុងពេលសម្រាលកូន តែក៏ផុតដង្ហើមទៅក្រោយកូនសម្រាលរួច។
គួររំឭកផងដែរថា ប្រទេសស៊ីរី បានជួបប្រទះគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយក្នុងកម្រិតរហូតដល់ ៧.៨ រ៉ិចទ័រ ដែលមានបំផ្លិចបំផ្លាញសំណងអគារធំៗជាច្រើនបាក់រាបដល់ដី និង បណ្ដាលឱ្យមនុស្សរហូតដល់ ២ ពាន់នាក់បាត់បង់ជីវិត៕