ចៅប្រុសកតញ្ញូ ខិតខំលក់នំសន្សំលុយ ដើម្បីយកទិញចិញ្ចៀនមាសជូនលោកយាយជាកាដូថ្ងៃកំណើត
សារព័ត៌មានថៃ បានចុះផ្សាយកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា មានកូនក្មេងសិស្សថ្នាក់ទី ៥ ម្នាក់ បានខិតខំសន្សំប្រាក់ដែលបានពីការលក់នំប៉័ងសាំងវ៉ិច ហើយបានយកទៅទិញចិញ្ចៀនជូនជាកាដូចំពោះលោកយាយរបស់ខ្លួន។
កុមារាអាយុ ១១ ឆ្នាំ ឈ្មោះ Ice មកពីខេត្ត Chai Nat ភាគកណ្ដាលនៃប្រទេសថៃ បានយកឈ្នះចិត្តប្រជាជនថៃជាច្រើន ដោយការទិញចិញ្ចៀនមាសមួយវង់ជូនលោកយាយរបស់គេ។ តាមព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ Ice បានទៅហាងមាសមួយក្នុងខេត្ត Chai Nat ជាមួយម្តាយរបស់គេ ដោយកាន់លុយសុទ្ធចំនួន ៤៧០០ បាត (ប្រមាណ ១៤០ ដុល្លារអាមេរិក) ដើម្បីទិញចិញ្ចៀនមួយវង់នោះ។
យ៉ាងណាមិញ លុយដែល Ice បានសន្សំភាគច្រើនគឺបានពីការធ្វើនំប៉័ងសាំងវ៉ិចរសជាតិប្លែកៗជាច្រើនមុខលក់ និង ការលក់បង្អែមដ៏ពេញនិយមជាច្រើនមុខផ្សេងទៀត។ ដំបូងឡើយ Ice បានទៅសាកសួរម្ចាស់ហាងថា តើគេមានលុយគ្រប់ក្នុងការទិញចិញ្ចៀនមាសពីរវង់ដែរទេ? ពោលគឺមួយវង់សម្រាប់លោកតា និង មួយវង់ទៀតសម្រាប់លោកយាយរបស់គេ ប៉ុន្តែម្ចាស់ហាងបានប្រាប់គេថា បើយកពីរវង់នោះចិញ្ចៀនវាស្ដើងពេក។ ដូចនេះ ហើយទើប Ice សម្រេចចិត្តយកតែមួយវង់សម្រាប់លោកយាយគេសិន។
ដោយឡែក ចិញ្ចៀនដែល Ice បានរើសគឺមានតម្លៃ ៤៥០០ បាត (ប្រមាណ ១៣៤ ដុល្លារ) ប៉ុន្តែដោយសារតែឃើញពីទឹកចិត្ត និង ភាពឧស្សាហ៍ព្យាយាមរបស់ Ice ម្ចាស់ហាងក៏បានបញ្ចុះតម្លៃចិញ្ចៀននោះឱ្យសល់ត្រឹម ៤៣០០ បាត (ប្រមាណ ១២៨ ដុល្លារ)។ មិនតែប៉ុណ្ណោះ ម្តាយរបស់ Ice បានប្រាប់អ្នកសារព័ត៌មានទៀតថា កូនប្រុសអាយុ ១១ ឆ្នាំ របស់លោកស្រីគឺជាកូនដែលឧស្សាហ៍ព្យាយាម និង ដឹងគុណម្នាក់ ហើយគេតែងតែគោរពឪពុកម្តាយ និង ជីដូនជីតារបស់គេជានិច្ច។
គួរបញ្ជាក់ដែរថា Ice មានកុមារម្នាក់ចូលចិត្តការលក់ដូរ ដោយសារពេលនៅសាលារៀន Ice បានឆ្លៀតលក់នំបញ្ចុក ព្រមទាំងភេសជ្ជៈផ្សេងៗដល់មិត្តរួមសាលារបស់គេ ហើយប្រាក់ចំណេញដែលរកបានភាគច្រើនគេយកទៅទិញជាអំណោយជូនដល់សមាជិកគ្រួសារទាំងអស់៕
ប្រភព៖ Thaiger