ស្រណោះណាស់! ដើរមិនរួចជិះតែរទេះរុញ ដូនចាស់វ័យ ៩០ ឆ្នាំម្នាក់ ត្រូវកូនចៅបោះបង់ចោលនៅខេត្តព្រះសីហនុ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាពេលថ្មីៗនេះបាននាំគ្នាភ្ញាក់ផ្អើល ក្រោយបានដឹងករណីដូនចាស់វ័យ ៩០ ឆ្នាំមួយរូប ដើរមិនរួច ជិះតែលើរទេះរុញ អះអាងថាត្រូវកូនចៅបោះបង់ចោល ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ទាក់ទិនទៅនឹងករណីនេះ បើតាមការឱ្យដឹងពីផេក ប្រជាជនខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយទទួលបានករណីនេះ អាជ្ញាធរក៏បានមានចំណាត់ការ និង បានព្យាយាមទូរសព្ទ័តាមលេខដែលមានជាប់នឹងខ្លួនលោកយាយ ស្វះស្វែងរកសាច់ញាតិ តែមិនទទួលជោគជយ័ និង មិនឃើញមានសាច់ញាតិកូនចៅមួយណាមកទទួលយកវិញ។ ជាមួយគ្នានោះ ដូនចាស់វ័យ ៩០ ឆ្នាំ ក៏ត្រូវបានខាងអាជ្ញាធរ សហការណ៍នឹងសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកដូនចាស់ទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ដោយខាងសាខាកាកបាទក្រហមខេត្តរ៉ាប់រងរកអ្នកមើលថែ និង ប្រាក់ម្ហូបអាហារ។
យ៉ាងណាមិញ ចំពោះរឿងនេះ តាមប្រភពខាងលើក៏បានរំឭកឱ្យដឹងផងដែរថា ក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថាឃើញជីដូនមួយរូបវយ័ជាង ៩០ ឆ្នាំ នៅម្តុំឃ្លាំងលើ សង្កាត់លេខ ១ ភ្លាម ដំបូងឡើយគេបានសន្និដ្ឋានថាទំនងជាវង្វេងផ្ទះ ឬ វង្វេងសាច់ញាតិ ខណៈនោះអាជ្ញាធរមូលដ្ឋានក៏បានចុះសាកសួរ និង ក្រោយមកក៏បាននាំជីដូនរូបនោះមកមើលថែបណ្តោះអាសន្ននៅសាលាសង្កាត់លេខ ១ ក្រុងព្រះសីហនុ។
ដោយសារក្នុងពេលរង់ចាំមិនឃើញកូនចៅ សាច់ញាតិមកទទួលយកវិញ មន្ត្រីសង្កាត់ និង ក្រុមការងារសង្គ្រោះ ក៏បានរៀបចំកន្លែងឱ្យលោកយាយសម្រាន្តនៅសាលាសង្កាត់លេខ ១ ជាបណ្តោះអាសន្ន និង ដាក់ឲ្យមានអ្នកមើលថែទាំលោកយាយផងដែរ។ លុះចាប់តាំងពីយប់ថ្ងៃទី ៥ កុម្ភៈបន្តរហូតមកដល់យប់ថ្ងៃ ៦ កុម្ភៈ ២០២៣ ក៏នៅតែមិនឃើញមានកូនចៅមកទទួលយក ទើបអាជ្ញាធររដ្ឋបាលខេត្ត និង សាខាកាកបាទក្រហមខេត្តព្រះសីហនុ បានរៀបចំដោះស្រាយជាបណ្តោះអាសន្នជូនជីដូន ដោយយកទៅមណ្ឌលថែទាំកុមារកំព្រា ដើម្បីស្នាក់នៅសិន។
យ៉ាងណាមិញ ករណីជីដូនអាយុ ៩០ ឆ្នាំខាងលើនេះ បើផ្អែកតាមទំព័រផេក ប្រជាជនខេត្តព្រះសីហនុ គេនៅមិនទាន់អាចសន្មតបានថាជាករណីកូនចៅយកមកបោះបង់ ឬ យ៉ាងណាឱ្យច្បាស់លាស់នៅឡើយទេ ដោយពេលនេះខាងអាជ្ញាធរនៅតែបន្តរង់ចាំសាច់ញាតិកូនចៅមកបញ្ជាក់បន្ថែម។ ក្នុងពេលរង់ចាំនេះដែរ ដូនចាស់បាន និង កំពុងត្រូវបានអាជ្ញាធរមើលថែទាំបណ្តោះអាសន្ន នៅមណ្ឌលថែទាំកុមារកំព្រា ដោយកាកបាកក្រហមខេត្តធានារ៉ាប់រងការមើលថែ និង ទំនុបបម្រុងបាយទឹក៕
ប្រភព ៖ ប្រជាជនខេត្តព្រះសីហនុ