ជនជាតិភាគតិចនៅស្រុកឈៀងម៉ៃ នាំគ្នាធ្វើពិធីដាក់បណ្តាសាអ្នកលួចបំផ្លាញព្រៃឈើ
កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ខាងអ្នកស្រុកនាខេត្តឈៀងម៉ៃប្រទេសថៃ បានរៀបចំធ្វើពិធីដាក់បណ្តាសាអ្នកលួចដុតព្រៃ អ្នកបំផ្លាញព្រៃឈើ ក្រោយប្រទះបញ្ហាផ្សែងពុលខ្លាំង។
ពិធីមួយនេះ ត្រូវបានគេរៀបចំឡើង ដោយមានការចូលរួមពីប្រជាជន ជាពិសេសអាជ្ញាធរជាច្រើននៅក្នុងតំបន់។ ក្នុងនោះ ជនជាតិភាគតិចនៅក្នុងស្រុក ជាអ្នកប្រារព្ធពិធីដាក់បណ្តាសានេះដោយផ្ទាល់ ទៅតាមទំនៀមទម្លាប់របស់ដូនតាខ្លួន ដោយមានការសែនព្រេនជាស្រា និង មាន់ ទៅដល់ម្ចាស់ទឹកម្ចាស់ដីក្នុងព្រៃ ដើម្បីសុំពរឱ្យជួយមើលថែរក្សាព្រៃក្នុងភូមិភាគខាងជើងឱ្យគង់វង្ស មិនឱ្យមានកើតភ្លើងឆេះ បើសិនជាកើតក៏សូមឱ្យរលត់ទៅវិញលឿនដោយខ្លួនឯង ឬ បើសិនមានអ្នកមកពន្លត់ ក៏សូមឱ្យអ្នកនោះមានសុវត្ថិភាព។
លើសពីនេះទៅទៀត អ្នកដែលចូលមកលួចបំផ្លាញព្រៃ គេសូមឱ្យជួបតែរឿងអពមង្គល ឱ្យកើតការភ័យខ្លាច និង ទទួលកម្មដែលខ្លួនបានសាងជាមួយនឹងធម្មជាតិ។ យ៉ាងណាមិញ ពិធីនេះដែរ គេសង្ឃឹមថា នឹងអាចជួយទប់ស្កាត់ការកើតឡើងនៃផ្សែងពុលក្នុងអាកាសធាតុ របស់ខេត្តចំនួន ១៧ នាភូមិភាគខាងជើង ព្រោះមួយរយៈនេះ បញ្ហាមួយនេះកំពុងតែវាយលុកខ្លាំងណាស់ក្នុងប្រទេសថៃ៕