ពេលនេះក្មេងស្រីអាយុជាង ១ ខួប ដែលធ្លាក់ចូលរណ្តៅជម្រៅ ១៥ ម៉ែត្រ ត្រូវជួយបានសម្រេចហើយ
កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ មានហេតុការណ៍របស់ក្មេងស្រីអាយុជាង ១ ខួបម្នាក់ ដែលបានធ្លាក់ចូលរណ្តៅជម្រៅ ១៥ ម៉ែត្រ បានបង្កឱ្យមានការភ្ញាក់យ៉ាងខ្លាំង។
ហេតុការណ៍មួយនេះ បានកើតឡើងនាខេត្តតាក ប្រទេសថៃ ដែលស្រ្តីជាម្តាយជាជនជាតិមីយ៉ាន់ម៉ា បានរៀបរាប់ឱ្យដឹងថា ខ្លួនបានទៅស៊ីឈ្នួលដកដំឡូងជាមួយប្តីនៅកន្លែងកើតហេតុ ដោយបានយកកូនស្រីអាយុ ១ ខួប ៧ ខែទៅជាមួយដែរ។ ខ្លួនបានដាក់កូនស្រីឱ្យនៅក្រោមម្លប់ឈើ ហើយនៅកន្លែងនោះ ក៏មានដំបូកដីដែលគេជីកពីរណ្តៅមួយ ខ្លួនក៏មិនបានចាប់អារម្មណ៍ច្រើនឡើយ បានតែបែរខ្នងទៅខំធ្វើការទាំងប្តីទាំងប្រពន្ធ។
លុះរវល់តែឱនធ្វើការ ងាកមកវិញស្រាប់តែបាត់កូនឈឹង ក៏បានប្រកូកឱ្យអ្នកធ្វើការជាមួយគ្នាឱ្យជួយតាមរកតែរកមិនឃើញឡើយ ខ្លួនក៏សង្ស័យនឹងរណ្តៅក៏បានរត់ទៅសាកស្រែកហៅកូនលមើល ស្រាប់តែឮសំឡេងយំ រួចក៏បានប្រញាប់រត់ទៅប្រាប់អាជ្ញាធរសុំជំនួយតែម្តង។
យ៉ាងណាមិញ រណ្តៅនោះដែរមានជម្រៅរហូតដល់ ១៥ ម៉ែត្រឯណោះ ជាមួយនឹងទទឹងមាត់ប្រវែងមិនដល់កន្លះម៉ែត្រផង ដែលធ្វើឱ្យមានការពិបាកក្នុងការសង្រ្គោះជាខ្លាំង។ បើទោះជាយ៉ាងណាក៏ដោយ ក្រោយពីការដុតដៃដុតជើងជួយរកវិធីសង្រ្គោះអស់ប្រមាណ ១៤ ម៉ោង នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ក្មេងតូចក៏ត្រូវបានគេជួយសង្រ្គោះបានសម្រេចហើយ។
អាជ្ញាធរបាននាំយកក្មេងចេញមកយ៉ាងប្រុងប្រយ័ត្ន និង សុវត្ថិភាព រួចក៏បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយបើតាមការត្រួតពិនិត្យ ក្មេងហាក់មានរបួសនៅដៃ ព្រមទាំងត្រូវគេសន្និដ្ឋានថា គេប្រហែលជាមានការឈឺចាប់នៅដើមទ្រូងដូចគ្នា។ ដោយឡែក ខាងគ្រូពេទ្យក៏នឹងធ្វើការតាមដានក្មេងជាបន្តទៀតផងដែរ៕