កាន់តែងាយស្រួល! ក្រសួងយុត្តិធម៌ ប្រកាសដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល
នាពេលថ្មីៗនេះ ក្រសួងយុត្តធម៌ បានប្រកាសជូនដំណឹងស្ដីពីការធ្វើទំនើបកម្ម ដោយក្រសួងបាន និង កំពុងធ្វើការអភិវឌ្ឍសេវាព្រឹត្តបត្រថ្កោលទោសឌីជីថល ដើម្បីផ្ដល់សេវាឆាប់រហ័ស និង ដើម្បីរួមចំណែកធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌ ក្នុងសង្គម។
ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការសាកល្បងជំហានទី ១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះតទៅ ដើម្បីផ្ដល់ភាពងាយស្រួលដល់សាធារណៈជន ដែលមានតម្រូវការស្នើសុំព្រឹត្តបត្រថ្កោលទោស ឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ និង ព័ត៌មានអំពីតម្រូវការឯកសារនានា ជាពិសេសសាធារណជនអាចបំពេញពាក្យស្នើសុំពីចម្ងាយបានតាមរយៈ កុំព្យូទ័រ ឬទូរស័ព្ទដៃ រួចផ្ញើមកកាន់នាយកដ្ឋានកិច្ចការថ្កោលទោសជាមុន បន្ទាប់មកអតិថិជនគ្រាន់តែអញ្ជើញមកកាន់នាយកដ្ឋាន កិច្ចការ ថ្កោលទោស ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួន ដើម្បីផ្តិតមេដៃ និង បង់ប្រាក់ជាការស្រេច។
មិនតែប៉ុណ្ណោះ ក្រសួងក៏បានបន្ថែមទៀតថា ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសឌីជីថលនេះគឺ តម្រូវឱ្យសាធារណជន ចូលទៅកាន់គេហទំព័ររបស់ក្រសួងយុត្តិធម៌ https://cr.moj.gov.kh/ ឬទាញយកកម្មវិធីឈ្មោះថា CR-MOJ ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តន៍តាមការណែនាំ និង របៀបប្រើប្រាស់ដូចបានភ្ជាប់ជូននៅក្នុងកម្មវិធី។
គួរបញ្ជាក់ដែរថា ទន្ទឹមនឹងការដាក់ឱ្យដំណើរការសាកល្បងនេះ សាធារណជននៅតែអាចទៅបំពេញបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយផ្ទាល់ នៅនាយកដ្ឋានកិច្ចការថ្កោលទោសនៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តន៍កន្លងមកផងដែរ៕
ប្រភព៖ ក្រសួងយុត្តធម៌